រដ្ឋបាលខណ្ឌឫស្សីកែវ÷នាព្រឹកថ្ងៃច័ន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែ មីនា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាអាជីវករលក់ដូរ ប្រចាំយឿត្រីគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ តាមបណ្តោយផ្លូវជាតិលេខ៥ ។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់ មន្ដ្រីប៉ុស្តិ៍ប្រចាំការ ត្រូវចុះជាប់ប្រចាំ និងដាស់តឿនអាជីវករដាក់តាំងលក់ដូរ ការចតយាន្តជំនិះ បញ្ហាអនាម័យ ការវេចខ្ចប់សម្រាម ការទុកដាក់សម្ភារៈផ្សេងៗ ត្រូវរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ដើម្បីបង្កើនសោភ័ណភាពទីក្រុងយើងមានអនាម័យល្អ បរិស្ថានល្អ ក្នុងមូលដ្ឋានខណ្ឌអោយកាន់តែស្រស់បំព្រង សំដៅចូលរួមចំណែកចលនាប្រឡងប្រណាំង «ទីក្រុង ស្អាត រមណីយដ្ឋាន ស្អាត សេវា ល្អ បដិសណ្ឋារកិច្ច ល្អ » ៕