ព័ត៌មានសន្តិសុខសង្គម

ចាប់ជនជាតិបង់ក្លាដេស០២នាក់ ករណីនាំមនុស្សជាង៥០នាក់ ឆ្លងដែនខុសច្បាប់

ភ្នំពេញ៖តាមការផ្សព្វផ្សាយនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤បានឱ្យដឹងថា កម្លាំងនគរបាលក្រសួងមហាផ្ទៃ បានចាប់ជនជាតិបង់ក្លាដេស ២នាក់បន្ទាប់ពីពួកគេពាក់ព័ន្ធ ករណីនាំមនុស្សចំនួន៥៦នាក់ឆ្លងដែនខុសច្បាប់។
ប្រភពដដែលបានបន្តថា ក្នុងការចាប់ខ្លួនជនជាតិបង់ក្លាដេស២នាក់នេះ សមត្ថកិច្ចបានរកឃើញថា ជាមេខ្លោងក្នុងករណីនាំមនុស្សឆ្លងដែន។ដោយបានអនុវត្តតាមបណ្ដឹងសុំឱ្យជួយអន្តរគមន៍សង្គ្រោះ ជនជាតិបង់ក្លាដេស ជាច្រើននាក់ទៀតនៅកម្ពុជា។


កាលពីដើមសប្ដាហ៍កន្លងទៅនេះ មានបទបញ្ជាពីលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ កម្លាំងជំនាញនៃនាយកដ្ឋានស៊ើបអង្កេត ជាមួយកម្លាំងនាយកដ្ឋានចារកម្ម បានសហការចុះស្រាវជ្រាវ និងត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន២។
ទីតាំងទី១-សណ្ឋាគារមួយស្ថិតនៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ និងទី២-ផ្ទះសំណាក់មួយ ក្នុងសង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ។ទាំង២ទីតាំងនេះផ្នែកជំនាញសង្ស័យថា មានជាប់ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែនខុសច្បាប់។ក្នុងប្រតិបត្តិការស្រាវជ្រាវ ស៊ើបអង្កេតសមត្ថកិច្ច បានឃាត់ខ្លួនជនបរទេស ចម្រុះជាតិសាសន៍ចំនួន៥៦នាក់ និងមេខ្លោង២នាក់។
ជនបរទេសជាអ្នករងគ្រោះទាំង៥៦នាក់នោះ មាន៣សញ្ជាតិ បង់ក្លាដេស៥១នាក់ ឥណ្ឌា៤នាក់ និងស្រីលង្កាម្នាក់ត្រូវបានមេខ្សល់ អូសទាញចូលមកកម្ពុជាដើម្បីស្វែងរកការងារធ្វើ។ចំពោះអ្នកមិនចេះភាសាអង់គ្លេស និងកុំព្យូទ័រ មេខ្លោងបញ្ជូនទៅប្រទេសថៃ និងម៉ាឡេស៊ី។
ប្រភពបានបន្តថា បច្ចុប្បន្នជនបរទេសដែលរងគ្រោះទាំង៥៦នាក់ ដោយមានការសម្របសម្រួលពីក្រសួងសង្គមកិច្ច ក៏បានប្រគល់ឱ្យទៅអង្គការ “ការីតាសកម្ពុជា” នៅខេត្តកណ្តាល។ ចំពោះជនសង្ស័យជាមេខ្លោង២នាក់ ពាក់ព័ន្ធករណីនាំមនុស្សឆ្លងដែន ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ហើយបន្តស្រាវជ្រាវស្វែងរក ចាប់ជនពាក់ព័ន្ធ៤នាក់ទៀត កំពុងរត់គេចខ្លួន៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *