ព័ត៌មានសន្តិសុខសង្គម

ស្ត្រីម្នាក់ទំនងស្រវឹង បើករថយន្ត បុកម៉ូតូចំពីក្រោយធ្វើឲ្យបុរសម្នាក់ស្លាប់

 

ភ្នំពេញ៖ស្ត្រីម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ដទំនើបយ៉ាងលឿន ក៏ជ្រុលបុកម៉ូតូអគ្គិសនីចំពីក្រោយពេញទំហឹង ធ្វើឱ្យបុរសម្នាក់ស្លាប់ភ្លាម។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅផ្លូវសហព័ន្ធរុស្ស៊ី មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី២ខែ ធ្នូ។

មន្ត្រីប្រចាំគោលដៅបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ សូតម៉ាល័យ អាយុ៣៧ឆ្នាំ បម្រើការនៅព្រលានយន្តហោះ ទីលំនៅភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ មុនកើតហេតុបុរសរងគ្រោះ បានបើកម៉ូតូអគ្គិសនីចេញពីកន្លែងធ្វើការ ក្នុងព្រលានយន្តហោះត្រឡប់ទៅផ្ទះ។

មន្ត្រីដដែលបានបន្តថា ជនរងគ្រោះធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើត។មកដល់កន្លែងខាងលើ ស្រាប់តែមានរថយន្តទំនើបម៉ាក Ford Mustang ផ្លាកលេខ ភ្នំពេញ 2BW-0080 បើកបរដោយស្ត្រីម្នាក់ និងមានបុរស២នាក់រួមដំណើរ។

រថយន្តទំនើបនោះបើកមកពីក្រោយក្នុងល្បឿនលឿន ក៏រេចង្កូតបុកម៉ូតូអគ្គិសនីចំពីក្រោយពេញទំហឹង ហើយខ្ទាតម៉ូតូជាច្រើនម៉ែត្រ បណ្តាលឱ្យបុរសជិះម៉ូតូស្លាប់មួយរំពេច។ ភ្លាមៗនោះអ្នកបើករថយន្តបង្ក ត្រូវអ្នកដំណើរឃាត់ខ្លួន រួចនាំយកប្រគល់ឱ្យនគរបាលប៉ុស្តិ៍នកាកាបទី១ ដើម្បីបន្តនីតិវិធី។

ក្រោយមកសមត្ថកិច្ចជំនាញចុះយករថយន្តនិងម៉ូតូ ទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីឱ្យតំណាងភាគីទាំង២ ចូលខ្លួនដោះស្រាយពេលក្រោយ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *