(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីប្រតិបត្តិការចុះបង្ក្រាបអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ជាលក្ខណៈកាស៊ីណូជ្រកក្រោមស្លាកឈ្មោះការកម្សាន្តក្រោន (CROWN ENTERTAINMENT) មានទីតាំងស្ថិតនៅផ្ទះលេខB6 ផ្លូវ៧៨ (Gold) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សបាន ៨៣នាក់។
សេចក្តីប្រកាសព័ត៌មាន របស់ អ.គ.ល.ក បានបញ្ជាក់ដូចនេះថា កាលពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងជាសមាជិក គ.ល.ក. និងដោយមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋានខណ្ឌចំការមន ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ជាលក្ខណៈកាស៊ីណូជ្រកក្រោមស្លាកឈ្មោះ ការកម្សាន្តក្រោន (CROWN ENTERTAINMENT) មានទីតាំងស្ថិតនៅផ្ទះលេខB6 ផ្លូវ៧៨ (Gold) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចចម្រុះបានចុះឆែកឆេរ បង្រ្កាប និងបិទទីតាំងការកម្សាន្តក្រោន (CROWN ENTERTAINMENT) ដកហូតវត្ថុតាងរួមមាន តុល្បែងនិងម៉ាស៊ីនម៉ាស៊ីនល្បែងគ្រប់ប្រភេទ និងវត្ថុតាងជាប្រាក់កាសមួយចំនួន ព្រមទាំងបានដឹកជញ្ជូនវត្ថុតាងទាំងអស់ចេញពីទីតាំងនេះយកទៅរក្សាទុក។ ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិចិនចំនួន ១១នាក់ (ស្រី៥នាក់) ជនជាតិវៀតណាមចំនួន៤ នាក់ (ស្រី៣នាក់) និងជនជាតិខ្មែរចំនួន ៦៨នាក់ (ស្រី៥៣នាក់) ដើម្បីបន្តនីតិវិធី។
ដោយឡែក ទីតាំងខាងលើនេះ ត្រូវបានចាក់សោរបិទសៀល និងសម្រេចប្រគល់ជូនអាជ្ញាធរមូលដ្ឋានដើម្បីគ្រប់គ្រងថែរក្សាជាបណ្ដោះអាសន្ន រង់ចាំសេចក្ដីសម្រេចថ្មីរបស់តំណាងអយ្យការ៕