ព្រះវិហារ៖មន្ទីរសាធារណការខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែវិច្ឆិកាបានបន្តជួសជុល និងផ្តើមថែទាំឡើងវិញ កំណាត់ផ្លូវប្រវែងជិត៥៥គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ព្រំដែនឡាវ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។
មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា ក្រុមការងារផ្នែកថែទាំផ្លូវថ្នល់បានបន្តសកម្មភាពជួសជុល និងផ្តើមថែទាំកំណាត់ផ្លូវជាតិលេខ៩៤ប្រវែង៥៤,៩០គីឡូម៉ែត្រ។ផ្លូវនេះចាប់ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ឃុំកំពង់ស្រឡៅ១ ព្រំប្រទល់កម្ពុជា-ឡាវ។
ការងារត្រូវបានចាក់ថែមដីល្បាយថ្ម រួចកៀរសម្រួលកិនបង្ហាប់ដើម្បីឱ្យពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។កំណាត់ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ៩ទីរួមស្រុកឆែប ឆ្ពោះទៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ដែលជាតំបន់អេកូរទេសចរណ៍ជាប់ព្រំដែនកម្ពុជា-ឡាវ៕