(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រោយពីមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ទទួលពាក្យបណ្តឹងពីឈ្មោះ សម ប្រាថ្នា ភេទប្រុស ២១ឆ្នាំ ប្រកបមុខរបរជាងជួសជុលរថយន្ត ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្តឹងឈ្មោះ ហុង ដារ៉ាវុធ ហៅ ការេ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅបន្ទប់ជួល ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែន សុខ ពីបទរំលោភលេីទំនុកចិត្ត។
លុះនៅវេលាម៉ោងប្រហែល១៥:០០នាទី ថ្ងៃខែឆ្នាំដដែល មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង បានទៅអញ្ជេីញឈ្មោះ ហុង ដារ៉ាវុធ ហៅការេ មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង ខណ្ឌសែនសុខ ដើម្បីសាកសួរ និងដោះស្រាយ។ លុះបន្ទាប់មក ស្រាប់តែមានបុរសម្នាក់ ឈ្មោះ ហុង រិទ្ធី ភេទប្រុស អាយុ២៩ឆ្នាំ អះអាងខ្លួនជាអ្នកសារព័ត៌មាន ហើយត្រូវជាប្អូនរបស់ឈ្មោះ ហុង ដារ៉ាវុធ ហៅការេ បានមកថតសមត្ថកិច្ចចុះអនុវត្តការងារ ដោយថតគ្មានការអនុញ្ញាត។ នៅពេលនោះសមត្ថកិច្ចបានសុំឲ្យឈ្មោះហុង រិទ្ធី ឈប់ថត នឹងលុបរូបភាពវីដេអូចេញ ប៉ុន្តែឈ្មោះ ហុង រិទ្ធី អះអាងខ្លួនជាសារព័ត៌មានមានសិទ្ធិថតផ្សព្វផ្សាយព័ត៌មានទាំងខ្លួនឯងជាអ្នកសារព័ត៌មានមិនទាន់ដឹងអំពីព័ត៌មានច្បាស់លាស់ ដែលសមត្ថកិច្ចចុះអនុវត្តកិច្ចការងារលើបណ្តឹងចោទប្រកាន់បងប្រុសរបស់ខ្លួនពីបទរំលោភលើទំនុកចិត្ត (ទទួលថវិការបស់ម្ចាស់ម៉ូតូ ចំនួន១ពាន់ដុល្លារ តាំងពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ នៅតែមិនព្រមជួសជុលម៉ូតូឱ្យ ដោយយកលេសថាថវិកានោះបានយកទៅកំម៉ង់ទិញគ្រឿងម៉ូតូអស់ហើយ។
ជាងនេះថែមទៀតបុរសឈ្មោះហុង រិទ្ធី មិនព្រមស្តាប់ការណែនាំរបស់សមត្ថកិច្ចព្រមទាំងប្រេីពាក្យសំដី និងកាយវិកាមិនសមរម្យដោយថែមទាំងចង្អុលមុខសមត្ថកិច្ច ដោយចោទប្រកាន់ថាសមត្ថកិច្ចបម្រុងចូលទៅចាប់ខ្លួន (ហុង រិទ្ធី) ទៅវិញ។ ក្នុងរូបភាពសមត្ថកិច្ចមិនបានទៅចាប់អ្នកថតនោះទេ គឺគ្រាន់តែស្នើសុំឲ្យគាត់ (ហុង រិទ្ធី) ឈប់ថត និងនឹងលុបវីដេអូចេញតែប៉ុណ្ណោះ ។រូបភាពវីដេអូនោះក៏ត្រូវបានឈ្មោះ ហុង រិទ្ធី យកទៅចែកចាយបង្ហោះនៅលើបណ្ដាញសង្គមធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើសមត្ថកិច្ចចុះអនុវត្តការងារតាមបណ្តឹងរបស់ជនរងគ្រោះ។
ដោយឃើញសកម្មភាពរបស់ជននេះ (ហុង រិទ្ធី) មិនស្តាប់ការណែនាំរបស់សមត្ថកិច្ច និងបំពានទៅលើមន្រ្តីរាជការសាធារណៈចុះអនុវត្តភារកិច្ចយករូបភាពវីដេអូចែកចាយបង្ហោះក្នុងបណ្តាញសង្គម បង្កប៉ះពាល់កិត្តិយសមន្ត្រីនគរបាលជាតិ ទើបសុំគោលការណ៍ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី និងដោយមានការអនុញ្ញាតពី លោកព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅជននោះមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីមកបំភ្លឺ។
បន្ទាប់មកសមត្ថកិច្ចបានធ្វើការសាកសួរ ឈ្មោះហុង រិទ្ធី បានទទួលស្គាល់កំហុស និងបានធ្វេីកិច្ចសន្យាបញ្ឈប់កំហុសខុសឆ្គងទៀតនោះហើយ នឹងក៏បានសន្យាលុបចោលរូបភាពវីដេអូដែលបានបង្ហោះនៅក្នុងបណ្តាញសង្គមនោះចេញ។ ជាមួយនោះដោយឈ្មោះ ហុង ដារ៉ាវុធ ដែលជាបងប្រុស បានធ្វើកិច្ចសន្យាធានាអប់រំប្អូនប្រុសឈ្មោះ ហុង រិទ្ធី នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
ដោយឡែកករណីឈ្មោះ ហុង ដារ៉ាវុធ ហៅ ការេ ដែលរងការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្ត ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង កោះហៅចូលខ្លួនមកដោះស្រាយ។នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហុង ដារ៉ាវុធ ហៅ ការេ សុំធ្វើសន្យាថានឹងជួសជុលម៉ូតូក្នុងរយៈពេល០៤ខែឱ្យហើយ។ បើជួសជុលមិនរួចរាល់តាមកិច្ចសន្យានេះទេ នឹងសូមប្រគល់ប្រាក់ចំនួន១៣៥០ដុល្លារ ជូនដល់ម្ចាស់ម៉ូតូវិញ៕