ព័ត៌មានសន្តិសុខសង្គម

ក្រសួងបរិស្ថាន មិនលើកលែងចំពោះបទល្មើសធម្មជាតិ

 

ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការដាច់ខាត និងច្បាស់លាស់ គឺត្រូវការពារធនធានធម្មជាតិជាចាំបាច់។ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញ ការអនុវត្តច្បាប់ឲ្យបានដាច់ខាត ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។

ជាក់ស្តែង នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វប្បធម៌ អប់រំ ណែនាំ និងធ្វើកិច្ចសន្យា រួចដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារធម្មជាតិ ត្រូវបានចាត់ការដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ សាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាឱ្យឃុំខ្លួនជាបណ្តោះ អាសន្ន បុគ្គលម្នាក់ ដែលបានរុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ ការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលមាត្រា ៦២ ត្រង់ចំណុចទី១ បានចែងចំពោះជនដែលបានប្រព្រឹត្តបទកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ពីមួយ(១)ឆ្នាំ ទៅប្រាំ(៥)ឆ្នាំ និងផ្តន្ទាទោសពិន័យជាប្រាក់ពីដប់ប្រាំលាន(១៥ ០០០ ០០០)រៀល ទៅមួយរយហាសិបលាន (១៥០ ០០០ ០០០)រៀល។ ជនណាដែលសមគំនិត ឬជួយសម្រួលដល់ការប្រព្រឹត្តបទល្មើសត្រូវផ្តន្ទាទោសដូចចារីដែរ។

សូមបញ្ជាក់ថា ដើម្បីគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ឲ្យមានប្រសិទ្ធភាព និងការអភិវឌ្ឍដោយចីរភាព ក្រសួងបរិស្ថាន បានដាក់ចេញវិធានការចម្បងចំនួន៤ រួមមាន៖ ១) ក្រសួងបរិស្ថានជំរុញការអនុវត្តច្បាប់១០០% និងបញ្ចប់នូវវប្បធម៌ អប់រំ ណែនាំ និងចុះកិច្ចសន្យា ហើយដោះលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ។ ២) ក្រសួងបរិស្ថាន សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ជាពិសេសជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបានស្អិតរមួត ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ៣) សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និង៤) ជំរុញការដាំដើមឈើឲ្យច្រើនជាងការកាប់ ដើម្បីរក្សានូវកំណើន ជាពិសេសការជំរុញ ការដាំស្តារព្រៃឈើ ដែលជាទិសដៅអាទិភាព បង្កើនគម្របព្រៃឈើឲ្យបាន៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ រួមទាំងការអភិរក្សជីវចម្រុះដោយចីរភាព។តាមរយៈនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការថ្ងៃទី១០ តុលា នឹងធ្វើការផ្តល់ និងដាំដើមឈើយ៉ាងតិច ១លានដើមក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០២៤៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *