ភ្នំពេញ៖ប្តីប្រពន្ធជិះម៉ូតូឌុបគ្នា បានប៉ះជាមួយម៉ូតូមួយគ្រឿងទៀត បណ្តាលឱ្យដួលខ្ទាតមនុស្សចូលក្រោមរថយន្តកិនប្តីស្លាប់ រីឯប្រពន្ធបាក់ជើងម្ខាងរងរបួសធ្ងន់។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះនៅផ្លូវបេតុងព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ កាលពីថ្ងៃទី១១ ខែកញ្ញា។
សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខ ភ្នំពេញ 1CC.8860 បើកបរដោយឈ្មោះ មួង ផុន អាយុ៤០ឆ្នាំជាកម្មកររោងចក្រ នៅភូមិស្រែគ្រួ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ត្រូវរថយន្តកិនស្លាប់។ជនរងគ្រោះបានឌុបប្រពន្ធឈ្មោះ ស៊ីវ ធីនី អាយុ៤០ឆ្នាំរងរបួសធ្ងន់។
ប្រភពដដែលបានបន្តថា មកដល់កន្លែងខាងលើក៏មានម៉ូតូហុងដាម៉ាកវ៉េវ គ្មានផ្លាកលេខ បើកបរដោយស្ត្រីម្នាក់ឈ្មោះ ព្រំ ស៊ុនរី អាយុ៤១ឆ្នាំនៅភូមិបឹងរ៉ៃខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តសា្វយរៀង។ពេលនោះបានប៉ះដៃចង្កូតគ្នា បណ្តាលឱ្យដួលម៉ូតូទាំង២គ្រឿង។
ប៉ុន្តែម៉ូតូខាង២នាក់ពេលដួលបានខ្ទាតមនុស្សចូលក្រោមរថយន្តបណ្តាលឱ្យកិនប្តីស្លាប់ ប្រពន្ធបាក់ជើងស្តាំនិងបាក់ដងកាំបិតរងរបួសធ្ងន់។ចំណែកភាគីម្ខាងទៀតរងរបួសបន្តិចបន្តួចនិងរថយន្តបង្កបានបន្ថែមល្បឿនគេចខ្លួនបាត់។ ក្រោយមកសមត្ថកិច្ចជំនាញបានចុះពិនិត្យវាស់វែង ហើយយកម៉ូតូទាំង២គ្រឿងទៅទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់៕