ភ្នំពេញ៖ករណីគ្រោះថ្នាក់ពីការផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យបានឆាបឆេះបុរសម្នាក់បណ្តាលឱ្យស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងអណោចអធ័ម។ហេតុការណ៍ដ៏រន្ធត់នោះ បានកើតឡើងនៅក្នុងបុរីហាយលែន ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១៨ ខែសីហាឆ្នាំ២០២៣។
មន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា បុរសរងគ្រោះបាត់បង់ជីវិតឈ្មោះ GUAN PENGZHI អាយុ៣៥ឆ្នាំជនជាតិចិន។ បន្ទាប់ពីទទួលព័ត៌មានករណីផ្ទុះធុងហ្គាសមានស្លាប់មនុស្សភ្លាម កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ-នគរបាលខណ្ឌសែនសុខ និងនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះដល់ទីតាំងកើតហេតុ។ជាមួយនោះមានរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍បាញ់ទឹក ការពារមិនឱ្យឆេះរាលដាលបន្ត។
គ្រោះអគ្គិភ័យនោះបណ្តាលឱ្យឆេះខូចខាតសម្ភារមួយចំនួននិងស្លាប់មនុស្សម្នាក់។ក្រោយកើតហេតុសមត្ថកិច្ចផ្នែកកោសល្យវិច័យរាជធានីភ្នំពេញ បានចុះពិនិត្យសពដោយបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយការផ្ទុះធុងហ្គាស ហើយប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕