Uncategorized

សមត្ថកិច្ចបញ្ជូនតៃកុងឡានដឹកឈើទៅតុលាការក្រោយរកឃើញមានសារធាតុគ្រឿងញៀន

​ស្ទឹងត្រែង/​នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០២០​នេះ​អាវុធហត្ថ​បាន​បញ្ជូន​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ម្នាក់​ទៅ​តុលាការ​ក្រោយ​រកឃើញ​សារធាតុ​ញៀន​។​រីឯ​ឈើ​ត្រូវបាន​បញ្ជូន​ទៅកាន់​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​។​
​សូមបញ្ជាក់ថា​កាលពី​វេលា​ម៉ោងជាង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២០​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់​រថយន្ត​សាំ​យ៉ុង​ដឹក​ផល​អនុផល​ព្រៃឈើ​មួយគ្រឿង​នៅ​ចំណុច​ជិត​អូរ​ពងមាន់​ស្ថិត​ភូមិ​រា​ជានុ​កូ​ល​សង្កាត់​ក្រុង​ស្ទឹងត្រែង​នាំយកទៅ​កាន់​ទី​បញ្ជា​រដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​។
រថយន្ត​សាំ​យ៉ុង​ខាងលើ​នោះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២E៣៣៥៨ ពណ៍​សបាន​ដឹកឈើ​ប្រភេទ​ទ្វារ​។​
មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង​បានបញ្ជាក់​នៅ​ថ្ងៃទី​១២​ខែមិថុនា​ថា​លោក​បានទទួល​វត្ថុតាង​បទល្មើស​នោះ​ហើយ​។​តាម​ការ​ពិនិត្យឃើញថា​ផល​អនុផល​អនុផល​ព្រៃឈើ​ដែល​លោក​បានទទួល​ជា​ប្រភេទ​ឈើ​សុ​ក្រំ​(​ទ្វារ​)​មាន​ចំនួន​៤​មែត្រ​គូប​២៣៣​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឱ្យដឹងថា​អ្នកបើកបរ​រថយន្ត​ឈ្មោះ​សុខ​ផាន់​ណា​ភេទ​ប្រុស​អាយុ​៤១​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​សង្កាត់​ស្ទឹងត្រែង​ក្រុង​ស្ទឹងត្រែង​គឺជា​មេ​ឈ្មួញ​ជើង​ខ្លាំង​ខាង​លួច​ដឹកជញ្ជូន​ឈើ​ចេញពី​ដែនដី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជា​យូរណាស់​មកហើយ​។​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​មិន​បង្ក្រាបបាន​នោះឡើយ​។​ទើបតែ​អាវុធហត្ថ​ខេត្ត​បង្ក្រាបបាន​នៅ​ក្រុង​ស្ទឹងត្រែង​ក្រោយពី​រថយន្ត​ឆ្លងកាត់​ស្ពាន​មេគង្គ​ក្នុង​គោលបំណង​ឆ្ពោះទៅកាន់​ខេត្តក្រចេះ​។​

បន្ទាប់ពី​បង្ក្រាប​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​វត្ថុតាង​បទល្មើស​ទៅ​រក្សាទុក​ក្នុង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​។​ចំពោះ​អ្នកបើកបរ​រថយន្ត​ដែលមា​សារធាតុ​ញៀន​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្តស្ទឹងត្រែង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០២០​នេះ​៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *