ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានភាពចាស់ទុំខាងនយោបាយ និងកម្មវិធីនយោបាយច្បាស់លាស់

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត បានគូសបញ្ជាក់ថា ក្នុងនាមជាយុវជនដែលកំពុងទទួលផ្លែផ្កា និងមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព និងឱកាសគ្រប់បែបយ៉ាងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា យើងទាំងអស់គ្នាសូមប្តេជ្ញាបន្តនូវស្មារតី, គំរូវីរភាព និងបេសកកម្មដ៏ពិសិដ្ឋរបស់ថ្នាក់ដឹកនាំគណបក្ស ដែលជាយុវជនជំនាន់មុន ដើម្បីចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យបានកាន់តែរុងរឿងរីកចម្រើនទៅមុខ ស័ក្តិសមជាកូនចៅនៃគណបក្សដែលកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។

ជាមួយគ្នានេះ ឯកឧត្តម បណ្ឌិត សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា នៃក្រុមការងារយុវជន និងសកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាទូទាំងរាជធានីភ្នំពេញ ដែលបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ញ៉ាំងឱ្យពិធីនេះក្លាយជាការប្រមូលផ្តុំ និងបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏ស្វាហាប់របស់យុវជននៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅក្នុងរាជធានីភ្នំពេញ។ ការជួបជុំរបស់កងទ័ពជំរំទេវតានាពេលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសសុខសន្តិភាព សុភមង្គល និងក្នុងដំណើរឆ្ពោះទៅមុខលើមូលដ្ឋាននៃជោគវាសនារួមគ្នាតែមួយ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបឆន្ទៈលះបង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងក្រុមការងារយុវជនគណបក្សរាជធានី នៅក្នុងការបំពេញតួនាទី និងភារកិច្ច ស្របតាមគោលការណ៍ចាត់តាំងអនុវត្តរបស់គណបក្សដែលបានប្រគល់ជូន រហូតសម្រេចបាននូវសមិទ្ធផល និងស្នាដៃការងារជាច្រើនគួរជាទីមោទនៈ រួមមាន៖ ការងារកែសម្រួលរចនាសម្ព័ន្ធ-អង្គការចាត់តាំង,ការងារពង្រឹងសមាសភាពក្រុមការងារយុវជនគ្រប់ថ្នាក់ និងគ្រប់ផ្នែក, ការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការងារមហាជន ដោយក្នុងនេះមានការចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមខ្នងផ្ទះក្នុងមូលដ្ឋាន ស្របតាមប្រសាសន៍ណែនាំដ៏ថ្លៃថ្លារបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ។

ឯកឧត្តម បណ្ឌិត បានបញ្ជាក់ថា វឌ្ឍនភាព និងសមិទ្ធផលការងារទាំងអស់នេះ ពិតជាបានបង្ហាញអំពីការចូលរួមយ៉ាងសស្រាក់សស្រាំក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលអម្រែកភារកិច្ច និងទំនុកចិត្តប្រកបដោយជំនឿជឿជាក់ពីសំណាក់ប្រជាពលរដ្ឋ ដូចដែលស្តែងឡើងតាមរយៈលទ្ធផលជោគជ័យដែលរាជធានីភ្នំពេញទទួលបានក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណតិ្តទី៥ នៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ជោគជ័យនេះ គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្មក្នុងការបម្រើជាតិ និងប្រជាជនចាប់ពីកម្រិតថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋាន។ ក្នុងនោះ យុវជន គឺជាកម្លាំងស្នូលក្នុងបេសកកម្ម និងបុព្វហេតុដ៏ឧត្តុង្គឧត្តមថ្លៃថ្លាទាំងនេះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *