ព័ត៌មានសន្តិសុខសង្គម

ចាប់បានជនសង្ស័យ សម្លាប់ស្ត្រីកាត់ក្បាលចោលក្នុងបន្ទប់ទឹក នៅក្រុងបាវិត

ព្រះវិហារ៖បន្ទាប់ពីសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូម្នាក់ រួចកាត់ក្បាលយកចោលក្នុងបន្ទប់ទឹកនៅក្រុងបាវិតខេត្តស្វាយរៀង ហើយរត់ទៅលាក់ខ្លួននៅខេត្តព្រះវិហារ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូម្នាក់ រួចកាត់ក្បាលយកចោលក្នុងបន្ទប់ទឹកនៅក្រុងបាវិតខេត្តស្វាយរៀង។ពេលនេះត្រូវសមត្ថកិច្ចខេត្តព្រះវិហារចាប់ខ្លួនបានហើយ កាលពីយប់ថ្ងៃទី២០ ខែមេសានៅស្រុកឆែប ខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងទទួលផែនសេនាធិការនៃនគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ជនសង្ស័យឈ្មោះឡោ គង់ហួរ អាយុ៤១ឆ្នាំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យបានរតគេចខ្លួនមកស្នាក់នៅក្នុងផ្ទះសំណាក់មួយក្នុងភូមិកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រលប់ថ្ងៃទី២០ ខែមេសា ដោយរូបគេប្រុងឆ្លងដែនទៅប្រទេសឡាវ។
ប្រភពដដែលបានបន្តថា ពេលមកដល់ផ្ទះសំណាក់ ជនសង្ស័យបានលេបថ្នាំប៉ុនប៉ងសម្លាប់ខ្លួន។ខណៈម្ចាស់ផ្ទះបានដឹងក៏ប្រាប់ទៅសមត្ថកិច្ចឱ្យមកពិនិត្យ។ សមត្ថកិច្ចក៏បានចុះទៅអន្តាគមន៍បញ្ជូនបុរសនោះទៅមន្ទីរពេទ្យសដើម្បីង្រ្គោះ ហើយក៏បានពិនិត្យអត្តសញ្ញាណត្រូវគ្នានឹងមុខសញ្ញាជាឃាតកដែលសម្លាប់ស្ត្រីម្នាក់នៅក្រុងបាវិត។
បន្ទាប់ពីបញ្ជូនជនសង្ស័យនោះទៅសង្រ្គោះមកទល់ម៉ោង៩ព្រឹកទី២១ ខែមេសានេះជនសង្ស័យបានដឹងខ្លួនហើយ។បច្ចុប្បន្នសមត្ថកិច្ចនកំពុងសង្គ្រោះដើម្បីបន្តចំណាត់ការតាមច្បាប់។តាមមាត្រា២០០នៃក្រមព្រហ្មទណ្ឌបទឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *