ខេត្តពោធិសាត់៖ប្រជាពលរដ្ឋចំនួន៨គ្រួសារនៅក្នុងស្រុកវាលវែងបានរងគ្រោះដោយទឹកហូរកួចបាត់បង់និងខូចខាតផ្ទះ៨ខ្នងរួមទាំងសម្ភារជាច្រើនត្រឹមរយៈពេល២ថ្ងៃ។
ប្រភពព័ត៌មានពីមន្ត្រីអាជ្ញាធរបានឱ្យដឹងថាៈកាលពីថ្ងៃទី៨តុលា២០២០ទឹកជំនន់នៅក្នុងភូមិស្ទឹងថ្មីឃុំប្រម៉ោយស្រុកវាលវែងបង្កខូចខាតផ្ទះតៀម១ខ្នងទំហំ៤,៥គុណ៦ម៉ែត្រជញ្ជាំងក្តារប្រក់សង្កីដែលមានម្ចាស់ឈ្មោះ វ៉ាចន អាយុ៤៨ឆ្នាំប្រពន្ធឈ្មោះ សួនសារឿន អាយុ៤២ឆ្នាំរួមនិងសម្ភារមួយចំនួន ។
ប្រភពដដែលបានបន្តថាៈនៅថ្ងៃ៩តុលា២០២០គ្រោះធម្មជាតិទឹកជំនន់នៅឃុំក្រពើពីរស្រុកវាលវែងខេត្តពោធិ៍សាត់បង្កការខូចខាតសម្ភារមានម៉ូតូ៤គ្រឿងគោយន្ត១គ្រឿងផ្ទះចំនួន៥ខ្នង។នៅក្នុងភូមិសម្លាញ់សម្លាញ់ឃុំក្រពើពីរស្រុកវាលវែងដដែលត្រូវរងការខូចខាតផ្ទះ២ខ្នងរួមនិងសម្ភារ,មានគោពីរក្បាល,ជ្រូកពីរក្បាលម៉ូតូមួយគ្រឿងនិងរលំស្ពានមួយនឹងច្រោះដីក្បាលស្ពាន១កន្លែង។
មន្ត្រីអាជ្ញាធរបានឱ្យដឹងនៅព្រឹកថ្ងៃទី៩តុលា២០២០នេះថាៈពាក់ព័ន្ធនឹងករណីនេះក្រុមការងារបានត្រៀមរួចរាល់និងនាំយកគ្រឿងឧបភោគបរិភោគរួមនិងសម្ភារប្រើប្រាស់មួយចំនួនទៅប្រគល់ជូនពួកគាត់ដែលរងគ្រោះដោយសារគ្រោះធម្មជាតិទាំង៨គ្រួសារនៅស្រុកវាលវែងនេះ។
លោកកែវវៃប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានឱ្យអ្នកសារព័ត៌មានដឹងថាៈស្ថានភាពកម្ពស់ទឹកស្ទឹងនៅក្នុងខេត្តពោធិ៍សាត់មានកម្ពស់៥,៤៥ម៉ែត្រកម្ពស់ដែលត្រូវប្រកាសអាសន្ន៥,០០០ម៉ែត្រ។ទឹកស្ទឹងនៅស្រុកភ្នំក្រវាញស្ថានភាពទឹកស្ទឹងមានកម្ពស់៥,៨០៣ម៉ែត្រកម្ពស់ដែលត្រូវប្រកាសអាសន្នមានមានកម្ពស់៦,០០ម៉ែត្រ។
ដោយឡែកស្ថានភាពទឹកស្ទឹងនៅស្រុកវាលវែងមានកម្ពស់៤,៦០ម៉ែត្រស្ថានភាពទឹកដែលត្រូវប្រកាសអាសន្នមាន១០,០០ម៉ែត្រកន្លែងស្ថានភាពទឹកស្ទឹងពោធិ៍សាត់ស្ទឹងក្រវាញកម្ពស់កើនឡើងខណៈស្ទឹងអារ៉ៃស្រកចុះបន្តិចគឺសូន្យចុច១០ម៉ែត្រនិងស្ទឹងវែងបានស្រក២,៥០ម៉ែត្រ។ដោយឡែកទឹកស្ទឹងក្រុងពោធិ៍សាត់កំពុងមានសន្ទុះកើនឡើង៕សហការី