ប៉ៃលិន៖រថយន្តធុនធំ១គ្រឿងខណៈឡើងចំណោតស្រាប់តែរអិលធ្លាក់ថយក្រោយជ្រុលបុកចូលផ្ទះអ្នកស្រុកម្ចាស់រត់ចេញព្រលឹងចុងសក់។ហេតុការណ៍នេះបានកើតឡើងនៅស្ថិតនៅចំណុចផ្លូវចុះទួលក្នុងផ្សារសាមគ្គីហៅប៉ាហ៊ីស្ថិតនៅក្នុងភូមិប៉ាហ៊ីជើងសង្កាត់ប៉ៃលិនក្រុងប៉ៃលិនកាលពីព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០។
សាក្សីបានប្រាប់ឱ្យដឹងថា៖មុនកើតហេតុបុរសម្ចាស់រថយន្តបានដឹកត្រីយកទៅលក់ឱ្យម៉ូយនៅក្នុងផ្សារលុះទម្លាក់ត្រីរួចរាល់ម្ចាស់ក៏បើករថយន្តឡើងទួលដើម្បីចតសម្រួល។ភ្លាមៗស្រាប់តែរលត់ម៉ាស៊ីនរថយន្តដាក់លេខអត់ចូលនិងជាន់ហ្វ្រាំងក៏មិនស៊ីបណ្តាលឱ្យជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ។ក្នុងនោះមានការខូចខាតជាមួយនិងរថយន្ត១គ្រឿងទៀតដែលចតទុកនៅក្នុងផ្ទះកើតហេតុ។
ដោយឡែកម្ចាស់ផ្ទះរងគ្រោះនៅក្នុងពេលជាមួយគ្នាក៏កំពុងស្ថិតនៅខាងក្នុងផ្ទះដែរភ័យស្លន់ស្លោនាំគ្នារត់គេចចេញទាំងព្រលឹងចុងសក់តែសំណាងល្អមិនបណ្តាលឱ្យរងរបួសនោះទេ។
ប្រភពដដែលបានបន្តថា៖ជនបង្កមានឈ្មោះបារាំង ភេទប្រុស អាយុជាង៤០ឆ្នាំ ជាអាជីវករលក់ត្រី បើកបររថយន្តម៉ាកហ៊ីយិនដាយពណ៌សពាក់ស្លាកលេខប៉ៃលិន៣A៣៨៣៩រថយន្តរងការខូចខាតមួយចំនួននៅផ្នែកកំណាត់ក្រោយ។ចំណែកជនរងគ្រោះមានឈ្មោះទូចភេទប្រុសអាយុ៤៣ឆ្នាំប៉ះពាល់ធ្លុះធ្លាយផ្ទះមួយកំណាត់មុខនិងខូចខាតរថយន្ត១គ្រឿងផងដែរម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AM-៩៩៧៤។
បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចក្រុងចុះទៅដល់ក្នុងគោលបំណងពិនិត្យវ៉ាស់វែងម្ចាស់រថយន្តបង្កបានបើកបររថយន្តចេញពីកន្លែងកើតហេតុហើយចូលខ្លួនមកសងថ្លៃខូចខាតផ្ទះព្រមទាំងរថយន្តដល់ម្ចាស់ផ្ទះជនរងគ្រោះដើម្បីបញ្ចប់រឿងនៅក្រៅប្រព័ន្ធច្បាប់៕