មណ្ឌលគិរី៖កម្មករក្រឡុកស៊ីម៉ង់ត៍ម្នាក់ បានធ្លាក់ពីលើអគារកំពុងសាងសង់ផ្ទះកម្ពស់ជាង១០ម៉ែត្រមកដីបណ្តាលឱ្យស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តមណ្ឌលគិរី។
គ្រោះអកុសលនោះបានកើតឡើង ស្ថិតនៅភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ កាលពីម៉ោងជាង៩ព្រឹកថ្ងៃទី៧ ខែកុម្ភៈ។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ចិនសុខនី ភេទប្រុស អាយុ៣១ ឆ្នាំជាកម្មករក្រឡុកស៊ីម៉ង់ត៍ឱ្យក្រុមហ៊ុនយីហោ“ឆៃលី”។កន្លែងកំណើតនៅឃុំព្រែកល្វា ស្រុកព្រែកកប្បាស ខេត្តតាកែវហើយបានមកស្នាក់នៅភូមិ សង្កាត់ខាងលើ។ម្ចាស់ផ្ទះកំពុងសាងសង់ឈ្មោះអ៊ិន ស៊ាងអ៊ីម ។
មុនកើតហេតុមានកម្មករក្រឡុកស៊ីម៉ង់៣នាក់បានឡើងទៅបញ្ជាទុយយោចាក់បេតុងប្លង់សេ។ពេលកំពុងចាក់បេតុងនៅលើអគារកម្ពស់១៣ម៉ែត្រ ទុយយោក្រឡុកស៊ីម៉ង់ត៍ក៏បានស្ទះ។កម្មករនាំគ្នាសម្រួលឱ្យដំណើរការខណៈរថយន្តក្រឡុកស៊ីម៉ង់ត៍កំពុងបញ្ឆេះនៅឡើយ។ពេលនោះ ទុយយោបានផ្ទុះធ្លាយស៊ីម៉ង់ត៍បុកត្រូវចំកម្មករម្នាក់បណ្ដាលឱ្យរបូតដៃធ្លាក់ពីលើអគារមកដីហើយ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ៕