កណ្តាល៖រហូតមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ចាប់បានម្ចាស់ទូកដ ធ្លាក់ផាស្អេបមួយគ្រឿងចូលទឹកទន្លេបណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់នៅឡើយ។
មន្ត្រីអាជ្ញាធរបានឱ្យដឹងថា ករណីធ្លាក់ផាស្អេបមួយគ្រឿងចូលទឹកទន្លេស្លាប់ក្មេងស្រីអាយុ២ឆ្នាំ ម្នាក់នោះរហូតមកដល់ថ្ងៃទី៥ ខែមករានេះមានចំនួនជិត១០ថ្ងៃមកហើយសមត្ថកិច្ចមិនទាន់ចាប់បានម្ចាស់ទូកដដើម្បីបញ្ជូនទៅតុលាការនៅឡើយទេ។
លោកឯក ស៊ុនរស្មី អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានបញ្ជាក់ថា “ករណីនេះឮថានៅនគរបាលស្រុកនៅឡើយអាចសួរទៅនគរបាលវិញទើបដឹងច្បាស់”។ចំណែកលោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាលបានឱ្យដឹងថា សមត្ថកិច្ចកំពុងស្វែងរកអ្នកបើកទូកដនោះហើយ។រីឯលោករវសេនីយ៍ឯករស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានប្រាប់អ្នកសារព័ត៌មានថា លោកបានបញ្ជូនសំណុំរឿងទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល រួចរាល់ហើយ។
គួររំលឹកថា កាលពីល្ងាចថ្ងៃទី២៦ ធ្នូ២០២២ មានផាស្អេបមួយគ្រឿងរអិលពីលើទូកដធ្លាក់ចូលទឹកទន្លេបាសាក់ត្រងកំពង់ចម្លងក្បាលកោះគរ-ស្វាយប្រទាល ភូមិឬស្សីជ្រោយ ស្រុកស្អាងខេត្តកណ្តាល ខណៈទូកដបានចេញផុតពីច្រាំងប្រមាណជាង១០ម៉ែត្របណ្តាលឱ្យក្មេងស្រី ឈ្មោះ ម៉ន ម៉ាលីកា លង់ទឹកស្លាប់៕