ឧត្តរមានជ័យ៖គ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ជិះម៉ូតូលឿនជ្រុលបុកគោយន្តកន្ត្រៃចំពីក្រោយពេញទំហឹងបណ្តាលឱ្យស្លាប់មួយរំពេច។
ហេតុការណ៍នោះបានកើតឡើងនៅផ្លូវជាតិលេខ៦៧B ត្រង់ភូមិអូរគគីកណ្តាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យកាលពីយប់ថ្ងៃទី២៨ ខែធ្នូ។ មន្ត្រីនគរបាលចរាចណ៍បានឱ្យដឹងថា ករណីនេះបង្កឡើងរវាងម៉ូតូនិងគោយន្តកន្ត្រៃទិសដៅស្របគ្នាពីត្បូងទៅជើង បណ្តាលឱ្យបុរសម្នាក់ស្លាប់។
ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីមផ្លាកលេខសៀមរាប1AM – 4357 បើកបរដោយឈ្មោះ ហ៊ំាង ឈួន អាយុ ២៣ឆ្នាំនៅភូមិគោកត្របែក ស្រុកអង្គរជុំ ខេត្តសៀមរាបបានស្លាប់។ចំណែកគោយន្តកន្ត្រៃបើកបរដោយឈ្មោះ ឆន វិត អាយុ ២៦ ឆ្នាំនៅភូមិអូរគគីកណ្តាល ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
មន្ត្រីដដែលបានបន្តថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីគោយន្តកន្ត្រៃ គ្មានចំណាំងផ្លាតសម្រាប់ជាសញ្ញាពេលយប់។ក្រោយមកកម្លាំងជំនាញបានចុះវាស់វែងយកម៉ូតូនិងគោយន្តកន្ត្រៃទៅទុកនៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែងដើម្បីបន្តនីតិវិធី៕