(បន្ទាយមានជ័យ) នៅថ្ងៃព្រឹកថ្ងៃព្រហស្បត៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២ ដោយមានការយកចិត្តទុកដាក់ពីលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ ទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស និងការពារអនិកជន អមដំណើរដោយ លោកវរៈសេនីយ៌ឯក សួង សៅ មេបញ្ជាការវរៈការពារព្រំដែនគោក៨១៥ និងយោធាសឹករងប៉ោយប៉ែត ដែលប្រចាំការត្រង់ចំណុចដើមខ្នុរ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យចំណុចច្រកដើមខ្នុរ ក្រោយមានការចុះផ្សាយព័ត៌មានថាមានពលករឆ្លងដែនខុសច្បាប់ ។
ដោយយោងតាមការចុះត្រួតពិនិត្យនៅចំណុចទីតាំងខាងលើ នឹងមានបងប្អូនសារព័ត៌មានបានចុះពិនិត្យជាមួយគ្នានោះផងដែរ ទីតាំងខាងលើពុំមានដូចរូបភាព នឹងវីដេអូ ដែលបានចុះផ្សាយថាចំណុចទីតាំងដើមខ្នុរ មានពលករឆ្លងដែនខុសច្បាប់ដូចការចុះផ្សាយនោះឡើយ ។
ក្នុងនោះផងដែរ លោកវីរសេនីយ៍ឯក សួង សៅ ក៏បានបញ្ជាក់ផងដែរ ចំណុចច្រកដើមខ្នុរ ដែលគ្រប់គ្រងដោយលោក ប៊ុន គុន នាយប៉ុស្តិ៍ចំបក់ នៃវរៈការពារព្រំដែនគោក៨១៥ និង យោធាសឹករងប៉ោយប៉ែតដែលប្រចាំការត្រង់ចំណុចខាងលើនេះ មិនមានពលករឆ្លងដែនខុសច្បាប់ ដូចការផ្សាយចោទប្រកាន់នោះឡើយ ទាំងរូបភាព នឹងវីដេអូ ពិតជាមិនមែនទីតាំងច្រកដើមខ្នុរនោះឡើយ ។
លោកវីរសេនីយ៍ឯក សួង សៅ ក៏បានអំពាវនាវដល់បងប្អូនសារព័ត៌មាន សូមចុះផ្សាយព័ត៌មានឲ្យមានវិជ្ជាជីវៈ យកព័ត៌មានពិត ច្បាស់លាស់ ជៀសវាងផ្សាយព័ត៌មានមិនពិត នាំឲ្យប៉ះពាល់ដល់កិត្តិយស បំបាក់ទឹកចិត្ត បើមិនបានលើកទឹកចិត្តទេ កុំបំពានកងកម្លាំងដែលការពារព្រំដែន លះបង់ ឆ្ងាយប្រពន្ធកូន ផ្ទះសំបែង ដោយគោរពបទបញ្ជាថ្នាក់ដឹកនាំ ការពារបទល្មើស នឹងពលករឆ្លងដែនខុសច្បាប់ តាមខ្សែរបន្ទាត់ការពារព្រំដែន ៕