សៀមរាប: កាលពីវេលាម៉ោង១៧និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០ មានករណីប្រទះឃើញសាកសពមនុស្សលង់ទឹកស្លាប់ អណ្តែតនៅដងមាត់ស្ទឹងសៀមរាប ចំណុចខាងមុខផ្សារទំនើបទ្រេធសេនធ័រ ក្នុងក្រុមទី១០ ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានបញ្ជាក់ថា ក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្វាយដង្គំ និងកម្លាំងផ្នែកបច្ចេកទេសនិងកោសល្យវិច្ច័យនៃអធិការដ្ឋាននគរបាលបាលក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងការិយាល័យបច្ចេកទេសនិងកោសល្យវិច្ច័យខេត្ត បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការត្រួតពិនិត្យលើដងខ្លួនសាកសព និងស្រាវជ្រាវរកសាច់ញាតិគ្រួសារនៃសព ។
លោក បានបន្តថា យោងតាមការបំភ្លឺពីឈ្មោះកែវ ពេជ្រកន្និការ ភេទស្រី អាយុ៣៥ឆ្នាំ បានបញ្ជាក់ថាសាកសពមានឈ្មោះ ព្រឹម វ៉ាន់នី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិកក្រាញ សង្កាត់ សៀមរាប ក្រុង សៀមរាប ខេត្តសៀមរាប ត្រូវជាអតីតបងថ្លៃ របស់ខ្លួន ។ព្រោះបានលែងលះជាមួយបងរបស់គាត់រយៈពេល១៤ឆ្នាំកន្លងមកហើយនិងមួយរយៈចុងក្រោយនេះសាកសពរូបនេះ តែងតែផឹកស្រាស្រវឹងជាប្រចាំ និងបានបាត់ពីផ្ទះរយៈពីថ្ងៃកន្លងមកហើយ។
លោកអធិការបានបន្តទៀតថាបន្ទាប់ពីបានធ្វើការត្រួតពិនិត្យកម្លាំងនគរបាលជំនាញបានឱ្យដឹងថានៅលើដងខ្លួនសាកសពមិនមានស្លាកស្នាមអ្វីជាប់ពាក់ព័ន្ធនិងបទល្មើសអ្វីឡើយនិងសន្និដ្ឋានថាជាករណីស្រវឹងស្រាហើយដើរធ្លាក់ទឹកបណ្តាលឱ្យលង់ទឹកស្លាប់។ ក្រោយធ្វើការត្រួតពិនិត្យ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តអធ្វា ក្នុងសង្កាត់សៀមរាប ក្រុង សៀមរាប ៕