ភ្នំពេញ៖កម្លាំងអាវុធហត្ថនៃការិយាល័យស្រាវជ្រាវបង្ក្រាបបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញសហការជាមួយអាវុធហត្ថខណ្ឌជ្រោយចង្វារ,ខណ្ឌដូនពេញនិងខណ្ឌចំការមនកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២០។កម្លាំងបានឃាត់ខ្លួនចោរម្នាក់មានល្បិចខ្ពស់ដែលបន្លំធ្វើជាបុគ្គលិកផ្ទះសំណាក់”មហារុងរឿង”ចូលយកសោរថយន្ដពីភ្ញៀវ ហើយបើករថយន្តយកទៅសមត្ថកិច្ចចាប់បាននៅកោះពេជ្រ ។ជននេះបញ្ជូនទៅកងរាជអាវុធហត្ថខេត្តតាកែវចាត់ការតាមច្បាប់។
កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញផ្សាយ ថា ជនសង្ស័យមានល្បិចខ្ពស់ណាស់ដោយបានបន្លំធ្វើដូចជាបុគ្គលិកផ្ទះសំណាក់ជួយលើកឥវ៉ាន់ដាក់ចូលបន្ទប់ហើយបានសុំសោរថយន្តពីភ្ញៀវដោយប្រាប់ថាយកទៅរៀបចំទុកដាក់រថយន្តឱ្យមានសណ្ដាប់ធ្នាប់ ។
បន្ទាប់មកក៏បំភ័ន្តខាងម្ចាស់ផ្ទះសំណាក់ធ្វើដូចជាសាច់ញាតិម្ចាស់រថយន្តហើយក៏លួចយករថយន្តជនរងគ្រោះជិះគេចខ្លួនបាត់តែម្ដងទៅ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ថ្មីៗនេះ ត្រង់ចំណុចផ្ទះសំណាក់”មហារុងរឿង”ស្ថិតក្នុងភូមិខ្លាគ្រហឹម ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
រថយន្តដែលជនសង្ស័យបន្លំលួចទៅបាត់ម៉ាក Rivo ឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 2BK-4443 របស់ម្ចាស់ឈ្មោះ រិន រ៉ាវី ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិសុភី ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដែលបានមកស្នាក់នៅផ្ទះសំណាក់ខាងលើ ។ ពេលនេះ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ បានប្រគល់ជនសង្ស័យនិងរថយន្តជនរងគ្រោះឱ្យអាវុធហត្ថខេត្តតាកែវចាត់ការបន្តតាមនីតិវិធី ៕