ភ្នំពេញ៖ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះរដ្ឋបាលរាជធានីភ្នំពេញនឺងមានវិធានការដោយមិនអនុញ្ញាតឱ្យរថយន្តដឹកដី,ដឹកខ្សាច់ឆ្លងកាត់លើផ្លូវ៦០ម៉ែត្រចាប់ពីផ្លូវជាតិលេខ២៧១ដល់ផ្លូវជាតិលេខ២ឡើយ។ការសម្រេចឱ្យមានវិធានការនេះធ្វើឡើងដើម្បីការពារកុំឱ្យកស្ទះចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវនិងដើម្បីរក្សាទៅនេះឱ្យនៅតែល្អស្អាតរហូត។
ការដាក់ចេញនូវវិធានការនេះធ្វើឡើងក្នុងកិច្ចប្រជុំមួយកាលពីរសៀលថ្ងៃទី ១៩ខែមិថុនាឆ្នាំ ២០២០ នៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួងស្រេងអភិបាលរាជធានីភ្នំពេញរួមជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកឃួងស្រេងអភិបាលរាជធានីភ្នំពេញបានលើកឡើងថា៖កំណាត់ផ្លូវ៦០ម៉ែត្រនេះនៅពេលដ៏ខ្លីខាងមុខនេះយើងមិនអនុញ្ញាតឱ្យរថយន្តដឹកដី,ដឹកខ្សាច់ឆ្លងកាត់ផ្លូវនេះទៀតទេ ។លោកបញ្ជាក់ថា៖ ក្នុងនាមរដ្ឋបាលរាជធានីយើងមិនបានហាមឃាត់ការចាក់ដីចាក់ខ្សាច់នៅតំបន់តំបន់អភិវឌ្ឍន៍ជើងឯកនោះទេ។គ្រាន់តែយើងបំវែទិសពីការដឹកដី,ដឹកខ្សាច់ដោយរថយន្តមកជាការបូមខ្សាច់មកចាក់បំពេញនៅតំបន់នេះវិញ ។
ការមានវិធានការបែបនេះដោយសារតែកន្លងមកយើងបានមើលឃើញថាការដឹកដីដឹកខ្សាច់កាត់ផ្លូវនេះបានបង្កឱ្យប្រឡាក់នៅលើទ្រូងផ្លូវកកស្ទះចរាចរណ៍,គ្រោះថ្នាក់ចរាចរណ៍នឹងធ្វើឱ្យខូចផ្លូវទៀងផង។ដូច្នេះយើងត្រូវតែមានវិធានការដើម្បីរក្សាផ្លូវនេះឱ្យនៅតែល្អស្អាតជានិច្ចខណៈដែលកំណាត់ផ្លូវនេះកន្លងមកត្រូវបានសម្ដេចតេជោហ៊ុនសែនមានប្រសាសន៍បញ្ជាក់ថាផ្លូវនេះជាផ្លូវដែលអាចឱ្យយន្តហោះចុះចតបាន ។
ក្នុងឱកាសនោះដែរលោកចេវហាក់ស្នងការរងនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាក់ផងដែរថាកាលមិនឱ្យមានការដឹកដីដឹកខ្សាច់នៅលើកំណាត់ផ្លូវនេះគឺពិតជាត្រឹមត្រូវដោយសារកន្លងមកនេះកំណាត់ផ្លូវនេះបានបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាច្រើននាក់។ជាក់ស្ដែងនៅក្នុង៥ខែដើមឆ្នាំ២០២០នេះនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រផ្ដើមពីរថយន្តដឹកដីដឹកខ្សាច់នេះបានបង្កគ្រោះថ្នាក់ចរាចរណ៍សម្លាប់ប្រជាពលរដ្ឋ ៥នាក់របួសធ្ងន់ ៧នាក់និងស្រាល ២នាក់៕