(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ នៅព្រឹកថ្ងៃចន្ទ ទី៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនិងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យមើលការសាងសង់កន្លែងដាក់រថយន្តស៊េរីទំនើប ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិចិន ជូនក្រសួងការពារជាតិកម្ពុជា រួចត្រូវប្រគល់ឲ្យកងពលតូចដឹកជញ្ជូនលេខ៩៩ រក្សាទុក និងគ្រប់គ្រង ដើម្បីត្រៀមជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនាពេលខាងមុខ ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន ក៏បានអញ្ជើញពិនិត្យមើលក្រុមអ្នកជំនាញបច្ចេកទេសនៃអនុព័ន្ធយោធា ស្ថានទូតចិនប្រចាំកម្ពុជា បណ្តុះបណ្តាលយោធិន ១៤៥នាក់ នៃកងពលតូចដឹកជញ្ជូនលេខ៩៩ អំពីការប្រើប្រាស់រថយន្តស៊េរីទំនើបដែលភាគីចិនបានផ្តល់ឲ្យកម្ពុជា ដោយផ្តោតលើចំណុចធំៗ ចំនួន៣ រួមមាន Options រថយន្តស៊េរីថ្មីទាំងនេះ, ការថែទាំរថយន្ត និងការជួសជុលរថយន្ត។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រសួងការពារជាតិកម្ពុជា-ចិន បានរៀបចំពិធីប្រគល់ និងទទួលរថយន្ត ស៊េរីទំនើបចំនួន ១៥០គ្រឿង និងសម្ភារៈការិយាល័យមួយចំនួន ដែលជាជំនួយឥតសំណងរបស់ក្រសួងការពារជាតិសាធារណរដ្ឋប្រជាមានិតចិន ជូនក្រសួងការពារជាតិជាតិកម្ពុជា ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
រថយន្តស៊េរីទំនើបចំនួន ១១៥គ្រឿង ត្រូវបានប្រគល់ជូនកងពលតូចដឹកជញ្ជូនលេខ៩៩ គ្រប់គ្រង និងរក្សាទុក ដើម្បីត្រៀមជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ហើយរថយន្តទាំងអស់នោះ ត្រូវបានឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ដឹកនាំកម្លាំងនាំយកមករក្សាទុកនៅដោយសុវត្ថិភាព និងគ្រប់ចំនួនក្នុងអង្គភាព៕