ភ្នំពេញៈ អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថងបានចេញបទបញ្ជាឱ្យមន្រ្តីរដ្ឋបាលឃុំសង្កាត់ បញ្ឈប់ការចុះហត្ថលេខាទទួលស្គាល់ លើឯកសារដីធ្លីមួយចំនួនដូចជា លិខិតផ្ទេរសិទ្ធិ ពាក្យស្នើសុំកាន់កាប់និងប្រើប្រាស់ដី លិខិតទិញលក់ដីរដ្ឋ និងការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលធ្វើឡើងក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំងអស់ នៅខេត្តកោះកុង។
លោកជំទាវបានបញ្ជាក់ទៀតថា “ឯកសារដែលបានរៀបរាប់ខាងលើ ដែលធ្លាប់បានចុះហត្ថលេខារួចហើយ ក៏នឹងត្រូវបដិសេធ និងទុកជាមោឃៈទាំងអស់ផងដែរ”។
យោងតាមលិខិតចុះថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងទៀតថា អភិបាលក្រុងស្រុក ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើមន្ត្រីរដ្ឋបាលឃុំសង្កាត់ពោលគឺហាមមិនឲ្យពួកគាត់បន្តចុះហត្ថលេខា លើឯកសារដូចដែលបានរៀបរាប់ខាងលើទៀតទេ៕