ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនបុរសម្នាក់យកកៅអីវាយប្រពន្ធឲ្យបាក់ដៃស្ដាំ

ភ្នំពេញ៖នគរបាលខណ្ឌពោធិ៍សែនព្រឹកថ្ងៃទី២៧ ខែឧសភានេះបានចាប់បុរសម្នាក់ដែលយកកៅអីដែកបត់វាយប្រពន្ធឱ្យបាក់ដៃរបួសធ្ងន់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យទាំងយប់។
សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់ប្រើហិង្សាវាយប្រពន្ធរហូតបាក់ដៃស្តាំនោះបានកើតឡើងនៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃទី២៦ខែឧសភា។បុរសជាប្តីឈ្មោះចាន់ រតនា អាយុ៤០ឆ្នាំជាជាងជួសជុលបរិក្ខារអគ្គិសនី មានកូនប្រុស២នាក់ក្នុងបន្ទុករស់នៅកន្លែងកើតហេតុ។ប្រពន្ធរងគ្រោះឈ្មោះវឿន គឹមចាន់ណារ៉ា អាយុ៣៧ឆ្នាំជាកម្មការិនីរោងចក្រ។
អ្នកជិតខាងបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៦ ខែឧសភា ប្តីប្រពន្ធខាងលើបានឈ្លោះប្រកែកគ្នារឿងទូរសព្ទរហូតបុរសជាប្តីបានទាញកៅអីដែកបត់វាយទៅលើប្រពន្ធបណ្តាលឱ្យបាក់ដៃស្តាំ។ស្ត្រីរងគ្រោះបានរត់ទៅនគរបាលប៉ុស្តិ៍ទាំងយប់ឱ្យជួយអន្តរាគមន៍តែដោយរបួសធ្ងន់ពេក សមត្ថកិច្ចបានឱ្យទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
លុះដល់ព្រឹកឡើងសមត្ថកិច្ច បានទៅហៅបុរសជាប្តីនាំខ្លួនយកទៅប៉ុស្តិ៍ដើម្បីសាកសួរ។ក្រោយពីសាកសួររួចនគរបាលប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ជូនទៅផ្នែកនគរបាលខណ្ឌដើម្បីអនុវត្តតាមបណ្តឹងស្រ្តីរងគ្រោះ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *