កំពង់ស្ពឺ៖នគរបាលស្រុកបសេដ្ឋបានទទួលបណ្តឹងពីបុរសម្នាក់ក៏បានចុះចាប់ថៅកែហាងនិងស្ត្រីម៉ាស្សាម្នាក់ដែលរួមគំនិតគ្នាលួចលុយភ្ញៀវចំនួន១.៤០០ដុល្លារ។
សមត្ថកិច្ចបានឱ្យដឹងថា ការឃាត់ខ្លួនស្ត្រីទាំង២នាក់នោះធ្វើឡើងនៅភូមិត្រពាំងខ្យង ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។ តាមបណ្តឹងពីឈ្មោះ អ៊ុ សុខលី ភេទប្រុស អាយុ ៣៩ឆ្នាំនៅភូមិត្រពាំងឃ្លោក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានប្រាប់ថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែឧសភា គាត់បានចូលកន្លែងកោសជប់មួយទីតាំងខាងលើដើម្បីម៉ាស្សា។
ពេលនោះមានស្ត្រីម៉ាស្សាម្នាក់ឈ្មោះ កនដាលីន អាយុ ២១ឆ្នាំបានមកម៉ាស្សាឱ្យគាត់។លុះម៉ាស្សារួច គាត់បានយកកាបូបមកដកលុយឱ្យថ្លៃម៉ាស្សាស្រាប់តែបាត់លុយអស់១.៤០០ដុល្លារ។ ក្រោយទទួលបណ្តឹងពីបុរសរងគ្រោះផ្នែកជំនាញក៏បានឃាត់ខ្លួនស្ត្រីម្ចាស់ហាងឈ្មោះ ស្រឿង ម៉េន អាយុ ៣៥ឆ្នាំ និងស្ត្រីម៉ាស្សាឈ្មោះ កន ដាលីន អាយុ ២១ឆ្នាំ មកសួរនាំ ។នៅចំពោះមុខសមត្ថកិច្ច នាងទាំង២នាក់ បានសារភាពថា ខ្លួនពិតជាបានរួមគំនិតគ្នាលួចយកលុយ១.៤០០ដុល្លារ ពីកាបូបរបស់ភ្ញៀវមែន ។បច្ចុប្បន្នស្ត្រីទាំងពីរនាក់ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី។ រីឯលុយ ១.៤០០ដុល្លារដែលនាងៗលួចនោះបានប្រគល់ឱ្យម្ចាស់វិញ៕