ភ្នំពេញ៖ភ្លើងបង្កចេញពីផ្ទះជួសជុលម៉ូតូមួយដែលកើតឡើងពីការឆ្លងចរន្តអគ្គិសនីក៏ឆាបឆេះ ហើយរាលដាលដល់ផ្ទះនិងភោជនីយដ្ឋានជិតខាងបណ្តាលខូចខាតធ្ងន់ធ្ងរ។
អគ្គិភ័យបានឆាបឆេះផ្ទះយ៉ាងសន្ធោសន្ធៅស្ថិតនៅផ្លូវទ្រុងមាន់ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ។ពលរដ្ឋរស់នៅជិតនោះបានឱ្យដឹងថា មុនកើតហេតុភ្លើងបានដាច់។
លុះមួយសន្ទុះក្រោយមកភ្លើងក៏មានមកវិញ ស្រាប់តែទុស្សេពីក្នុងកាប៊ីនភ្លើងធ្វើឱ្យឆាបឆេះផ្ទះជួសជុលម៉ូតូយ៉ាងឆាប់រហ័ស និងចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ។ពេលនោះភ្លើងបានឆេះរាលដាលផ្ទះនិងភោជនីយដ្ឋានជិតខាងទៀត។
ក្រោយមក កម្លាំងនគរបាល រាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿងមកជួយបាញ់ទឹកពន្លត់ អស់៧រថយន្តភ្លើងក៏រលត់ទៅវិញ។ករណីអគ្គិភ័យនេះ បានធ្វើឱ្យផ្ទះជួសជុលម៉ូតូមួយល្វែង និងសម្ភារជាច្រើនខូចខាតទាំងស្រុង។ក្នុងនោះផ្ទះ អ្នកជិតខាង និងភោជនីយដ្ឋាន នៅជាប់គ្នារងការខូចខាតសម្ភារអស់មួយចំនួន។ តែមិនមានប៉ះពាល់គ្រោះថ្នាក់ដល់មនុស្សទេ៕