ភ្នំពេញ៖បន្ទាប់ពីមានស្ត្រីចិនជាអ្នកទេសចរម្នាក់ធ្លាក់ពីអគារជាន់ទី៣៩ចុះមកដីស្លាប់ត្រូវបានសមត្ថកិច្ចស្វែងរកឃើញប្រភពខ្លះៗដោយបញ្ជាក់ថា នាងបានលោតសម្លាប់ខ្លួន។
កើតហេតុនៅអគារយៀគ ថៃជាន់ទី ៣៩ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីរសៀលថ្ងៃទី៣ ខែមករាឆ្នាំ២០២២។អត្តឃាតជនឈ្មោះ WANG WENWEN អាយុ២៩ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារយៀគ ថៃ បន្ទប់លេខD25.03 ជាន់ទី២៥ ជាអ្នកទេសចរ។
សាក្សីដែលឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចថា មុននាងលោតសម្លាប់ខ្លួនពីជាន់ទី៣៩ នាងបានចុះមកក្រោមតាមជណ្ដើរយន្តដើម្បីទទួលថ្នាំមួយស្បោងពីអ្នកដឹកជញ្ជូនអនឡាញ ក្រុមហ៊ុន E-gets រួចដើរទៅម៉ាតក្បែរនោះទិញស្រាបៀរមួយដប។ក្រោយទិញរួចនាងឡើងទៅដល់ជាន់ទី៣៩វិញ។នាងដើរបានប្រហែល២ជុំក៏អង្គុយក្បែរបង្កាន់ដៃផឹកស្រាបៀរនិងជក់បារី មួយសន្ទុះក្រោយមកក៏លោតចុះមកក្រោមតែម្ដង។
តាមការសន្និដ្ឋានរបស់គ្រូពេទ្យតុលាការនិងនគរបាលបច្ចេកទេសនិងវិទ្យាសាស្រ្តរាជធានីភ្នំពេញបានបញ្ជាក់ថា អត្តឃាតជនស្លាប់ដោយធ្វើអត្តឃាតពិតមែន។តែនៅមិនទាន់ដឹងពីមូលហេតុអ្វីបានជានាងលោតសម្លាប់ខ្លួននោះនៅឡើយទេ។បច្ចុប្បន្នសពយកតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរង់ចាំសាច់ញាតិ៕