(ភ្នំពេញ) ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានសមាគមយុវជនក្រុម៨ អមដំណើរដោយ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុករដ្ឋបាលព្រៃឈើ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុករដ្ឋបាលជលផល
ឧកញ៉ា ហ៊ុន ឡាក់ ជានាយកប្រតិបត្តិក្រុមហ៊ុន Tripicam និងឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ព្រមទាំងអាជ្ញាធរ និងយុវជនស្រុកជើងព្រៃ បានអញ្ជើញចុះទស្សនកិច្ច កសិដ្ឋានចិញ្ចឹមត្រី និងបន្តទៅត្រួតពិនិត្យអាងស្តុបទឹកអូតាកេរ្ត៍ កសិដ្ឋានវារីវប្បកម្មគំរូ និងទីលានបណ្ដុះកូនពូជបន្លែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទមុន្នី ដែលស្ថិតនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងរៀបចំគម្រោងជំនួយកសិកម្មជួយដល់ប្រជាពលរដ្ឋរួមមាន៖ ១) ការធ្វើស្រែ ២) ការចិញ្ចឹមវារីសត្វ ៣) និងដំណាំបន្លែសុវត្ថិភាព ធ្វើជាផែនការជួយជម្រុញឲ្យវិស័យកសិកម្មក្នុងស្រុកជើងព្រៃឱ្យកាន់តែមានសក្ដានុពល និងកាលានុវត្តភាព នៃការធ្វើពាណិជ្ជូបនីយកម្មកសិកម្ម ដើម្បីធានាបាននូវសុវត្ថិភាពស្បៀងរបស់ប្រជាពលរដ្ឋ បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋឲ្យកាន់តែប្រសើឡើង៕