ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកក្រុមហ៊ុន(បាយអូថេរ៉ឃែលភីថលឯ.ក)មកពីសហរដ្ឋអាមេរិក និងសហការីចូលជួបដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារ

(ភ្នំពេញ) :នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលា ម៉ោង ១៥:០០ ថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Paul Kambur នាយកក្រុមហ៊ុន បាយអូថេរ៉ា ឃែភីថល ឯ.ក មកពីសហរដ្ឋអាមេរិក និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ជាបឋម លោកនាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណងនៃជំនួបនាពេលនេះគឺដើម្បីស្វែងរកឱកាសវិនិយោគដាំឈើប្រេងខ្យល់ និងអាកាស្យា ធ្វើការកែច្នៃ ផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និងនាំចេញទៅសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។ ទាក់ទងនឹងការវិនិយោគនេះ លោកនាយកក្រុមហ៊ុនបានស្នើសុំការណែនាំពីឯកឧត្តមរដ្ឋមន្រ្តីអំពីដំណើរការនៃការវិនិយោគលើឧស្សាហកម្មព្រៃឈើ ការដាំឈើឡើងវិញ ការកែច្នៃ និងនាំចេញ។

បន្ទាប់ពីបានជ្រាបពីគោលបំណងរបស់ក្រុមហ៊ុន ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ចំពោះគោល បំណងអំពីការវិនិយោគដាំឈើអាកាស្យា និងប្រេងខ្យល់ រួចបង្កើតរោងចក្រកែច្នៃជាផលិតផល សម្រាប់បម្រើឲ្យផលិតកម្មផ្សេងៗ ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងទីផ្សារអន្តរាជាតិ រួមទាំងទីផ្សារអាមេរិកផងដែរ។ ទាក់ទងនឹងគោលបំណងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនយោបល់ក្រុមហ៊ុនថា៖
១- ក្រុមហ៊ុនអាចស្វែងរកដៃគូវិនិយោគជាមួយក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីប្រើប្រាស់ដីឲ្យអស់សក្តានុពល បង្កើនផលិត ភាពផលិតកម្មឧស្សាហកម្មឈើដាំ បង្កើតការងារសម្រាប់ពលរដ្ឋនៅមូលដ្ឋានផ្ទាល់ និងទទួលបានប្រយោជន៍ទាំងរដ្ឋ និងឯកជន។
២- ធ្វើការសហការវិនិយោគលើការដាំឈើឡើង នៅតាមស្ថានីយ៍ផ្សព្វផ្សាយនិងដាំឈើឡើងវិញ ជាមួយរដ្ឋបាលព្រៃឈើ។

ចំពោះជំរើសទាំងពីរខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុនធ្វើការពិភាក្សាលម្អិតបន្ថែមជាមួយរដ្ឋបាលព្រៃឈើ លើការងារបច្ចេកទេស និងនីតិវិធី ហើយបទដ្ឋានគិតិយុត្ត ដែលមានការពាក់ព័ន្ធ។ ដោយឡែក ក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ នឹងរង់ចាំសហការ និងគាំទ្រលើគម្រោងនេះ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនសម្រេចទទួលបាន ជោគជ័យ។

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *