ព័ត៌មានជាតិ

ឯកឧត្តម ខូយ រីដា បានគោរពថ្លែងអំណរព្រះគុណ ប្រគេនចំពោះព្រះតេជគុណ នៅវត្តសុគន្ធថៃ ហៅលោកតាហួរ ដែលព្រះតេជគុណមានទឹកព្រះទ័យជ្រះថ្លា បរិច្ចាគបច្ច័យចំនួន១៣.០០០ ដុល្លារដែលបានមកពីបច្ច័យបួន របស់សប្បុរសជន ញាតិញោម ពុទ្ធបរិស័ទជិតឆ្ងាយ ទុកសម្រាប់ទិញឧបករណ៍វះកាត់អ្នកជំងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់!

ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួរ ព្រះគ្រូចៅអធិការវត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ បានប្រគេនបច្ច័យចំនួន១៣,០០០ដុល្លារ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ សម្រាប់ទិញឧបករណ៍បម្រើដល់ការវះកាត់អ្នកជំងឺដើម្បីជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងខេត្ត។

ពិធីប្រគេនបច្ច័យនេះត្រូវបានធ្វើឡើងនៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដោយបានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលខេត្ត,និងបានអមដំណើរដោយ លោកអភិបាលរងខេត្ត, លោកនាយករដ្ឋបាលស្តីទី, ថ្នាក់ដឹកនាំបណ្តាមន្ទីរនិងបុគ្គលិកពេទ្យជាច្រើនរូបទៀត។

ឯកឧត្តម ខូយ រីដា បានគោរពថ្លែងអំណរព្រះគុណ ប្រគេនចំពោះព្រះតេជគុណ នៅ សុគន្ធថៃ ហៅលោកតាហួរ ដែលព្រះតេជគុណមានទឹកព្រះទ័យជ្រះថ្លា បរិច្ចាគបច្ច័យចំនួន១៣,០០០ដុល្លារ ដែលបានមកពីបច្ច័យបួន របស់សប្បុរសជន ញាតិញោម ពុទ្ធបរិស័ទជិតឆ្ងាយ ទុកសម្រាប់ទិញឧបករណ៍វះកាត់អ្នកជំងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ នាពេលនេះ។

ឯកឧត្តមបានបន្តថា ទង្វើ និងសកម្មភាព របស់ព្រះតេជគុណ នៅ សុគន្ធថៃ មិនមែនជាលើកទីមួយនោះទេ ពោលគឺព្រះតេជគុណបានចូលរួមចំណែកយ៉ាងច្រើនលើសលុប ក្នុងកិច្ចការងារសង្គម ក៏ដូចជាសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ការកសាងហេដ្ឋារចនាសម្ព័ន្ធ សម្រាប់សង្គមជាតិ និងសាសនា រួមមាន៖ សាលារៀន មន្ទីរពេទ្យ វត្តអារាម…។ល។ ដែលទាំងនេះបានសម្តែងយ៉ាងច្បាស់ អំពីវីរៈភាពដ៏ល្អរបស់ព្រះអង្គ សម្រាប់បណ្តាវត្តដទៃទៀតយកគម្រូតាម។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ទឹកព្រះទ័យ និងសណ្តានចិត្តសប្បុរសធម៌របស់ព្រះតេជគុណ គឺចង់ឃើញមន្ទីរពេទ្យបង្អែកខេត្តរបស់យើង មានការអភិវឌ្ឍន៍រីកចម្រើនឡើង ហើយវេជ្ជបណ្ឌិត ក្រុមគ្រូពេទ្យ គឺមានឯកទេស សមត្ថភាព ក្រមសីលធម៌ និងវិជ្ជាជីវៈគ្រប់គ្រាន់ ក្នុងកិច្ចការងារព្យាបាល និងថែទាំអ្នកជំងឺ ដោយសេចក្តីទុកចិត្ត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានប្រគល់ថវិកា ចំនួន៥៥,០០០ដុល្លារ បន្ថែមលើថវិកា ៨០,៤៧២.៥ដុល្លារ ដែលបានមកតាមរយៈការកៀរគរពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ជូនដល់មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ដើម្បីបម្រើឱ្យគុណប្រយោជន៍ក្នុងអង្គភាព។

ជាមួយគ្នានោះ ព្រះតេជគុណឥន្ទត្ថេរោ នៅ សុគន្ធថៃ ហៅលោកតាហួរ ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីការខិតខំយកចិត្តទុកដាក់ អស់ពីកម្លាំងការចិត្តរបស់ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ក្នុងការកៀរគររកសប្បុរសជន មកចូលរួមឧបត្ថម្ភគាំទ្រជាថវិកា ដើម្បីសាងសង់អគារសង្គ្រោះបន្ទាន់ ប្រកបទៅដោយស្មារតី មនសិការនៃការអភិវឌ្ឍន៍ លើវិស័យសុខាភិបាល ក៏ដូចជាបម្រើឱ្យគុណប្រយោជន៍ ក្នុងការសម្រាកព្យាបាលរបស់អ្នកជំងឺ ដែលត្រូវការអគារនេះជាចាំបាច់។

ក្នុងថ្ងៃដដែលនោះ ឯកឧត្តម ខូយ រីដា ក៏បានបន្តនាំយកអង្ករ មី និងបច្ច័យមួយចំនួន ទៅចូលរួមបុណ្យសព ឧបាសក ចិត្រ សុខុម ដែលទទួលមរណភាព កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៣ និង៥០នាទី ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ ត្រូវជាបិតារបស់មន្ត្រីរាជការ ដែលបម្រើការងារ នៅក្នុងមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ផងដែរ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *