ព័ត៌មានជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត÷ អ្នកបើកបរដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម

 

រាជធានីភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសកុំទទួលរបស់បញ្ញើដែលខុសច្បាប់ ដូចជាគ្រឿងញៀន និងអាវុធជាតិផ្ទុះជាដើម ដើម្បីកុំឲ្យមានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសទាំងអស់នេះ ពីព្រោះថាជាអំពើខុសច្បាប់។
នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកបើកបរផ្តល់សេវាដឹកជញ្ជូនទំនិញ និងអាហារ ព្រមទាំងផ្តល់ប័ណ្ណថ្លែងអំណរគុណ និងមួកសុវត្ថិភាពជាអនុស្សាវរីយ៍ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ក្រើនរំលឹកទៅដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវត្រួតពិនិត្យ និងសាកសួរនូវប្រភពទំនិញទាំងឡាយណាដែលមានការសង្ស័យឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងទៅនឹងការដឹកជញ្ជូនទំនិញខុសច្បាប់ដូចជា គ្រឿងញៀន អាវុធជាតិផ្ទុះ និងរបស់បញ្ញើផ្សេងៗដែលខុសច្បាប់។ ពីព្រោះថាការដឹកជញ្ជូនរបស់បញ្ជើដែលខុសច្បាប់ វាអាចនាំឲ្យអ្នកដឹកជញ្ជូន មានការជាប់ពាក់ព័ន្ធទៅនឹងបទល្មើសនោះដែរ។
ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានជំរុញ និងលើកទឹកចិត្តទៅដល់ក្រុមហ៊ុន និងអ្នកដឹកជញ្ជូនទាំងអស់ ត្រូវរាយការណ៍មកខាងសមត្ថកិច្ច នៅក្នុងករណីដែលសង្ស័យថាមានការដាក់បញ្ញើខុសច្បាប់ ដើម្បីឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងស្វែងរកនៅមុខសញ្ញាមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានលើកឡើងពាក់ព័ន្ធបញ្ហាចរាចរណ៍ ដោយពិនិត្យឃើញថាកន្លងមក បងប្អូនអ្នកប្រកបរបរដឹកជញ្ចូនទំនិញ និងម្ហូបអាហារមួយចំនួន តែងឧស្សាហ៍បើកបរលឿនៗ វ៉ាជែងល្មើសល្បឿន និងបំពានសិទ្ធិអាទិភាពអ្នកបើកបរដទៃ ដែលកត្តាទាំងនេះបានជះនូវឥទ្ធិពលអាក្រក់ដល់របៀបរៀបរយលើដងផ្លូវសាធារណៈ ពិសេសទទួលរងនូវការរិះគន់ច្រើនពីសំណាក់ប្រជាពលរដ្ឋដែលបានឃើញផ្ទាល់ និងតាមបណ្តាញសង្គមជាដើម ។
ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឱ្យបងប្អូនគោរពច្បាប់ និងគិតពីអាយុជីវិតផ្ទាល់ខ្លួនជារឿងសម្ខាន់ និងអាទិភាពចំពោះមុខ ។ សូមបងប្អូនកុំគិតតែការចង់បំពេញឱ្យទាន់ចិត្តចង់បានរបស់អតិថិជន ហើយភ្លេចគិតពីផលប៉ះពាល់ដល់ខ្លួនឯង ។
បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនការងារចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ក្នុង០៨ខែដើមឆ្នាំ២០២៤នេះ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ កើតឡើងដល់៥៩១ករណី ដែលបានឆក់យកអាយុជីវិតមនុស្សសរុប១៧៣នាក់ ។ ដែលក្នុង៥៩១ករណី មាន៦០ភាគរយកើតឡើងដោយសារការល្មើសល្បឿន និង៤០ភាគរយ បើកបរដោយធ្វេសប្រហែសមិនគោរពច្បាប់ ៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *