ព័ត៌មានជាតិ

អភិបាលបាលខេត្ត នាំយកអំណោយពីរាជរដ្ឋាភិបាលចែកជូនពលរដ្ឋជាង ១ពាន់គ្រួសារ ក្នុងស្រុកចំនួន៣

ព្រះវិហារ៖អភិបាលខេត្តព្រះវិហារនៅព្រឹកថ្ងៃទី៤ខែឧសភា ឆ្នាំ២០២១បាននាំយកអំណោយជាស្បៀងអាហាររបស់រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ជូនសមាគមអតីតយុទ្ធជនក្នុងស្រុកចំនួន៣ សម្រាប់បន្ដទៅចែកជូនពលរដ្ឋដែលខ្វះខាតចាំបាច់ ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩។
អំណោយនេះត្រូវបាននាំយកមកប្រគល់ជូនរដ្ឋបាលស្រុកសង្គមថ្មី,ស្រុកគូលែន,ស្រុកត្បែងមានជ័យនិងសមាគមអតីតយុទ្ធជនដើម្បីបន្ដទៅចែកជូនដល់ជនងាយរងគ្រោះតាមសហគមន៍ ជាគ្រួសារអតីយុទ្ធជន និងជនរងគ្រោះដោយធម្មជាតិ ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ១.២៣០គ្រួសារ។
លោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ បានជម្រុញណែនាំដល់អ្នកពាក់ព័ន្ធក្នុងការ បន្ដចែកជូនអំណោយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុករបស់ខ្លួន។ធ្វើយ៉ាងណាត្រូវជ្រើសរើស ឱ្យចំគោលដៅពិតប្រាកដ និងចុះចែកដោយផ្ទាល់តាមខ្នងផ្ទះ ឬប្រមូលផ្ដុំជាក្រុម តូចៗ ដោយគោរពទៅតាមវិធានការរបស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា៖ ក្នុងឆ្នាំ២០២០កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្ដល់អំណោយជាគ្រឿងឧបភោគបរិភោគមករដ្ឋបាលខេត្តព្រះវិហារសរុបចំនួន ១.៣៨១គ្រួសារ។ ដោយឡែកឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលក៏បានបន្ដផ្ដល់អំណោយជាស្បៀងអាហារមករដ្ឋបាលខេត្តព្រះវិហារ ចំនួន ១.២៣០គ្រួសារទៀត។ សម្រាប់ចែកជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋខ្វះខាតចាំបាច់ក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩.អំណោយទាំងនេះ រួមមានៈ អង្ករ, ត្រីខកំប៉ុង, មីខ្លាឃ្មុំ, ទឹកស៊ីអ៊ីវ, ទឹកត្រី, កន្ទេល និងក្រម៉ាជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *