កំពង់ឆ្នាំង៖ថ្ងៃទី២៤ខែតុលាឆ្នាំ២០២១ភ្លៀងនៅផ្នែកខាងលើនៅតែបន្តធ្លាក់បណ្តាលឱ្យទឹកជន់លិចផ្លូវជាតិលេខ៥នៅម្តុំគីឡូម៉ែត្រលេខ៣៩និង៤០ប្រវែងជាង៥០០ម៉ែត្រស្ថិតក្នុងភូមិស្វាយ ឃុំសេដ្ឋី ស្រុកសាមគីមានជ័យបានរំខានដល់ការធ្វើដំណើរសមត្ថកិច្ចបានជួយអន្តរាគមន៍សម្រួលការធ្វើចរាចរណ៍។
លោកឧត្តមសេនីយ៍ត្រី កេត យ៉ុងស្នងការរងនគបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាកម្លាំងនគបាលផ្លូវគោករបស់ខេត្តបានសហការជាមួយកម្លាំងនគរបាលសណ្ដាប់ធ្នាប់ក្រុងកំពង់ឆ្នាំង ស្រុករលាប្អៀរ ស្រុកទឹកផុស ស្រុកកំពង់ត្រឡាចនិង ស្រុកសាមគ្គីមានជ័យ សម្រួលចរាចរណ៍ដល់គ្រប់ប្រភេទឆ្លងកាត់លើកំណាត់ផ្លូវជាតិលេខ៥ចាប់ពីគោលដៅទីមួយចំណុចគីឡូម៉ែត្រលេខ៤០ទៅ៤១ដែលស្ថិតនៅក្នុងភូមិជន្លាត់ដៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។
ដោយឡែកគោលដៅទីពីគីឡូមែត្រលេខ៤១និង៤២ទៅស្រុកស្ពងខេត្តកំពង់ស្ពឺគឺបង្វែឱ្យរថយន្តធំចេញមកផ្លូវជាតិលេខ៥៣គីឡូម៉ែត្រចន្លោះបង្គោលគីឡូម៉ែត្រលេខ៩០និង៩១ពីក្រុងកំពង់ឆ្នាំងដោយវាងទៅស្រុកថ្ពងខេត្តកំពង់ស្ពឺវិញ ។
លោក ឆាយ លាភាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅរសៀលថ្ងៃដដែលថាការធ្វើចរាចរណ៍ទៅមកលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៩និង៤០នៅតែមានការចរាចរឆ្លងកាត់ទៅមកធម្មតាទេតែវាមានការយឺតយ៉ាវដោយកំណាត់ផ្លូវត្រូវបានជនលិចដោយទឹកភ្លៀងធ្លាក់បន្តបន្ទាប់។
លោក ដោក ប៊ុនថុន ចំណែកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានបញ្ជាក់កាលពីថ្ងៃទី ២៣ខែតុលាថាមានទឹកហូរកាត់លើផ្លូវជាតិលេខ៥ត្រង់គីឡូម៉ែត្រលេខ៣៩និង៤០ដោយទឹកមកពីស្ទឹងក្រាំងពន្លៃដែលស្ថិតនៅក្នុង ឃុំស្វាយស្រុកសាមគ្គីមានជ័យ។ ចំពោះទ្វារទឹកធំៗនៃអាងអន្លង់ជ្រៃប្រាំមួយពេលនេះបានកំពុងបើកកម្រិតល្មមចំនួនបីទ្វារទេ។ដូច្នេះទឹកនេះដោយបូករួមនិងទឹកភ្លៀងនៅផ្នែកខាងក្រោមអាងទឹកអន្លង់ជ្រៃច្រើនទើបធ្វើឲ្យជន់លិចនៅកំណាត់ផ្លូវជាតិលេខ ៥ ចំណុចខាងលើនេះ៕