ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពខ្មែរ និងថៃតាមព្រំដែន រួមគ្នាបង្ក្រាបនិងបន្តទប់ស្កាត់រាល់បទល្មើស

ព្រះវិហារ៖មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨កម្ពុជាលោកឧត្តមសេនីយ៍ត្រីច័ន្ទសុខុននិងមេបញ្ជាការរងវរសេនាធំលេខ៦ថៃលោកវរសេនីយ៍ឯកប៊ុនសឺមប៊ុនបំរុងបានរួមគ្នាបន្តក្នុងការបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលលបលួចឆ្លងដែនដោយខុសច្បាប់។
ការប្តេជ្ញារួមគ្នានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រជួរមុខតំបន់ភ្នំតាថាវ។ ក្រោមវត្តមានអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ផាត់ សុផេន មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ប្រធានទំនាក់ទំនងព្រំដែនកម្ពុជា.ថៃ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ។

កិច្ចប្រជុំនេះកម្ពុជាបានស្នើទៅកាន់ភាគីថៃលើគោលការណ៍មួយចំនួនដូចជា៖រួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩តាមព្រំដែន។មិនត្រូវធ្វើអ្វីថ្មីនៅចំណុចដែលមិនទាន់បានកំណត់។រួមគ្នាទប់ស្កាត់ការលួចឆ្លងដែន និងកាប់ព្រៃឈើខុសច្បាប់។ការណាត់ជួបគ្នាឡើងវិញក្នុងរយៈពេល១ខែម្តង។
ចំពោះភាគីថៃបានឯកភាពនិងសំណូមពរមកកម្ពុជាវិញដោយស្នើឱ្យកម្ពុជាត្រូវមានការទំនាក់ទំនងគ្នា,ដើរល្បាតរួមគ្នានៅតាមគោលដៅ និងជួយទប់ស្កាត់ការឆ្លងដែនរបស់ពលរដ្ឋកុំឱ្យចូលមករកកាប់ឈើដោយខុសច្បាប់នៅក្នុងទឹកដីថៃ។ជាមួយគ្នានេះលោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុនបានធ្វើការស្នើសុំ ការយោគយល់ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដូចជាអាជ្ញាធរថៃ កុំមានការបាញ់សម្លាប់ពលរដ្ឋ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *