ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចចាប់ឃាតករបានហើយ ករណីកាប់សម្លាប់គូទំនាស់នៅស្រុកភ្នំក្រវាញ

ពោធិ៍សាត់៖កម្លាំងនគរបាលស្រុកភ្នំក្រវាញចាប់ឃាតកបានហើយករណីកាប់សម្លាប់គូទំនាស់ហើយព្យាយាមរត់គេចទាំងខ្លួនមានរបួសផងកាលពីរសៀលថ្ងៃទី១១ខែឧសភាឆ្នាំ២០២១នៅភូមិអូរបាក់ត្រាឃុំព្រងិល ស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់។
លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងនគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា៖ ជនសង្ស័យដែលចាប់ខ្លួនឈ្មោះ អិត រ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ របួសដៃឆ្វេង២កន្លែងរស់នៅភូមិ.ឃុំកើតហេតុ។ចំណែកជនរងគ្រោះស្លាប់ឈ្មោះ ហុន ទឿន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ។
លោក ឧត្ដមសេនីយ៍ត្រី ស្នងការរងបានបន្តថា៖បន្ទាប់ពីជំនាញពាក់ព័ន្ធសហការ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើកោសល្យវិច័យឃើញថា ជនរងគ្រោះមានស្នាមរបួសផ្នែកក្បាលលើចិញ្ចើមថ្ងាសខាងឆ្វេង ផុងលលាដ៍ ផ្នែកស្មាឆ្វេង ដាច់ឆ្អឹងស្មា និងឆ្អឹងស្លាបប្រចៀវ ផ្នែកខ្នងខាងឆ្វេងពីកញ្ចឹង.កដល់ក្រោមក្លៀក ជម្រៅដល់ឆ្អឹងជំនី និងសួត ផ្នែកចង្កេះខាងឆ្វេង ជម្រៅដល់ឆ្អឹងតំរ៉ងនោម។
លោក នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រងិលបានឱ្យដឹងដែរថា៖ជនសង្ស័យនិងជនរងគ្រោះត្រួវជាបងប្អូនជីដូនមួយនឹងគ្នា ហើយពោះម៉ាយដូចគ្នា។ ជនសង្ស័យនិងជនរងគ្រោះ កាលប៉ុន្មានថ្ងៃមុនមានទំនាស់ពាក្យសម្ដីបន្តិចបន្តួច នៅក្នុងវង់ផឹកស៊ីនៅផ្ទះជនដៃដល់ រឿងចង្រ្កានហ្គាសធ្វើម្ហូបក្លែម។
បន្ទាប់មកចេះតែឌឺដងពាក្យសម្ដីដាក់គ្នា លុះយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះជិះម៉ូតូមានកាំបិតកកុកកាត់មុខផ្ទះជនដៃដល់ ថែមទាំងស្រែកជេប្រមាថទើបផ្ទុះហិង្សាតែម្ដង ដោយជនសង្ស័យមានពូថៅ និងរត់ទៅយកកាំបិតកកុកដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *