ភ្នំពេញ៖អគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ បានសរសេរលិខិត ២ច្បាប់ បញ្ជូនទៅកាន់អគ្គនាយកដ្ឋានពន្ធដារដើម្បីស្នើសុំពន្ធផ្លូវសរុប៦.៣៧៤បណ្ណដើម្បីបិទលើរថយន្តចំនួន ៦.៣៧៤គ្រឿង ដែលពាក់ផ្លាកលេខ ខេមរភូមិន្ទ (ខ.ម)គ្រប់គ្រងដោយក្រសួងការពារជាតិ។
ក៏ប៉ុន្តែអគ្គនាយកដ្ឋានពន្ធដារមិនបានយល់ព្រមតាមការស្នើសុំនេះទេហើយតម្រូវឱ្យអគ្គនាយកដ្ឋានសម្ភារបច្ចេកទេសរបស់ក្រសួងការពារជាតិត្រូវធ្វើបញ្ជីឡានទាំងនោះឱ្យបានត្រឹមត្រូវហើយរថយន្តពាក់ផ្លាកលេខ ខេមរភូមិន្ទ ខ.ម ជាកម្មសិទ្ធិរបស់ឯកជន ត្រូវបង់ពន្ធផ្លូវ ដូចរថយន្តផ្លាកលេខធម្មតាដែរ។
ក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ បង្ហាញថា រថយន្តចំនួន ៦.៣៧៤គ្រឿង ដែលពាក់ផ្លាកលេខ ខេមរភូមិន្ទ ខ.ម គ្រប់គ្រងដោយក្រសួងការពារជាតិ ដែលអគ្គនាយកដ្ឋានសម្ភារបច្ចេកទេស នៃក្រសួងការពារជាតិ បានសរសេរ ដើម្បីស្នើសុំពន្ធផ្លូវ រួមមាន៖១,រថយន្តរបស់ក្រសួងការពារជាតិ៖ រថយន្តពាក់ផ្លាកលេខ ខ.ម មានពណ៌ត្រេអ៊ី ប្រភេទទេសចរណ៍ ចំនួន ៥.២៩៣ គ្រឿង។
រថយន្តពាក់ផ្លាកលេខ ខ.ម មានពណ៌ត្រអ៊ី ប្រភេទបែន ចំនួន ១២គ្រឿង,រថយន្តពាក់ផ្លាកលេខ ខ.ម មានពណ៌ត្រេអ៊ី ប្រភេទដឹកទំនិញ ចំនួន ១គ្រឿង រថយន្តពាក់ផ្លាកលេខ ខ.ម មានពណ៌ត្រអ៊ី ប្រភេទក្បាលសណ្តោងរ៉ឺម៉ក ចំនួន ៣គ្រឿង។ រថយន្តជំនួយពីប្រទេសកូរ៉េ ប្រទេសចិន វៀតណាម និងសម្តេចតេជោនាយករដ្ឋមន្ត្រី ចំនួន ៥២០គ្រឿង។
២,រថយន្តដែលពាក់ផ្លាកលេខខ.មមានពណ៌ចម្រុះប្រភេទទេសចរណ៍ចំនួន៥៤៥គ្រឿង។ប៉ុន្តែអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា តាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន លើលិខិតចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចជាគោលការណ៍លើការស្នើសុំលតាបត្រពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២០។
“ពន្ធជាបន្ទុករបស់រដ្ឋ” ចំពោះយានយន្តរបស់ក្រសួងការពារជាតិ ដែលមានវិធានការ ដូចខាងក្រោម៖ ១,ត្រូវបានអនុញ្ញាតឱ្យលើកលែងពន្ធចំពោះយានយន្តដែលជាកម្មសិទ្ធិរបស់អង្គភាពកងយោធពលខេមរភូមិន្ទកងរាជអាវុធហត្ថដែលបម្រើការងារសម្រាប់កិច្ចការការពារជាតិជាមធ្យោបាយប្រើប្រាស់ដឹកជញ្ជូនសម្ភារទ័ព ឬដឹកជញ្ជូនកងទ័ព ក៏ដូចជា សម្រាប់កិច្ចការសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ស្របតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨។
២,តម្រូវឱ្យបង់ពន្ធដូចរថយន្តពាក់ផ្លាកលេខរដ្ឋដទៃទៀត ចំពោះរថយន្តរបស់ក្រសួងការពារជាតិ ដែលពាក់ផ្លាកលេខរដ្ឋ06និងផ្លាកលេខខ.មដែលបានកត់ត្រាចូលក្នុងបញ្ជីសារពើភណ្ណទ្រព្យសម្បត្តិរដ្ឋកាន់កាប់ដោយក្រសួងការពារជាតិ។ក្នុងនោះបញ្ជីសារពើភណ្ឌនេះត្រូវបានបញ្ជូនមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
ចំពោះរថយន្តទាំងនេះត្រូវបានអនុញ្ញាតឲ្យបង់ពន្ធចាប់ពីឆ្នាំ២០២០តទៅដោយលើកលែងប្រាប់ពន្ធត្រឹមឆ្នាំ២០១៩និងលើកលែងពិន័យទោសទណ្ឌដល់ឆ្នាំ២០២០។៣,តម្រូវឱ្យបង់ពន្ធដូចរថយន្តឯកជនដទៃទៀតចំពោះរថយន្តដែលជាកម្មសិទ្ធិឯកជនដែលជ្រកក្រោមផ្លាកលេខខ.មដោយត្រូវបានអនុញ្ញាតឱ្យបង់ពន្ធចាប់ពីឆ្នាំ២០២០តទៅ។លើកលែងប្រាក់ពន្ធត្រឹមឆ្នាំ២០១៩និងលើកលែងពិន័យទោសទណ្ឌដល់ឆ្នាំ២០២០។ប៉ុន្តែរថយន្តទាំងនោះត្រូវចុះបញ្ជីបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារនិងចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន។
សូមរំលឹកថា ការបង់ពន្ធផ្លូវ ឬពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០២០ បានផុតកំណត់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០។ អគ្គនាយកដ្ឋានពន្ធដារ បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ មន្ត្រីពន្ធដារ សហការជាមួយប៉ូលិសចរាចរណ៍ ចាប់ផ្តើមត្រួតពិនិត្យយានយន្ត ដែលចរាចរណ៍តាមផ្លូវ។
អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តមគង់វិបុលប្រតិភូរាជរដ្ឋាភិបាលនិងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទឆ្នាំ២០២០ បានកើនឡើងលើសផែនការ ដែលបានកំណត់ ចំនួន ៣៥,២ភាគរយ ដោយមានយានយន្តចំនួន ជាង ៧៣ម៉ឺនគ្រឿង បានបង់ពន្ធ។ ក្នុងនោះ មានរថយន្តចុះបញ្ជីថ្មីចំនួនជាង ៩ម៉ឺន ៩ពាន់គ្រឿង៕សហការី