ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រមូលផ្ដុំកម្លាំង គោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា

 ភ្នំពេញ÷ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ កម្លាំងក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមគោរពទង់ជាតិនៃ ព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ។ ក្រោយពីគោរពទង់ជាតិរួច សមាជិកនាយទាហាន នាយទាហានរង ទាំងអស់បានចូលរួមស្តាប់នូវសារអប់រំរបស់ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីវិធានការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដោយក្នុងនោះដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានដាក់ចេញនូវវិធានការមួយចំនួនដើម្បីទប់ស្កាត់ទាន់ពេលវេលា នូវជម្ងឺកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបតាមសារអប់រំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ផងដែរ។ បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនួសមុខឲ្យលោកឧត្តមសេនីយ៍ឯក មេបញ្ជាការ បានណែនាំដល់ នាយទាហាន នាយទាហានរង ទាំងអស់ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ គោរពច្បាប់ គោរពសិទ្ធមនុស្ស និងបទបញ្ជាទាំងឡាយរបស់ថ្នាក់លើ ប្រកបដោយវិន័យសណ្ដាប់ធ្នាប់ ត្រៀមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលបានកើតឡើងក្នុងមូលដ្ឋាន ជាពិសេសបានក្រើនរំលឹកពីគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់រលកទីពីរ នៃការចម្លងជម្ងឺវីរុសកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានណែនាំដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ត្រូវតែចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានខ្ជាប់ខ្ជួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *