ភ្នំពេញ ៖ លោក យិច សមិទ្ធិ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានឱ្យដឹងថា ចំនួនអ្នកបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ដោយផ្អែកតាមតួលេខបញ្ជីបោះឆ្នោតដំបូង ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីនេះមានចំនួន ៩៩៩២ ៤២១ (ប្រាំបួនលាន ប្រាំបួនរយកៅសិបពីរពាន់ បួនរយម្ភៃមួយ)នាក់។ ក្នុងនោះស្រ្តីមានចំនួន៥៣០៤៨៥៥ (ប្រាំលានបីរយបួនពាន់ ប្រាំបីរយហាសិបប្រាំ)នាក់ និងមានការិយាល័យបោះឆ្នោតសរុបចំនួន ២៤. ១៩០ (ម្ភៃបួនពាន់មួយរយកៅសិប) ការិយាល័យ។
ដោយឡែក អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុ ផ្លាស់ចេញ ស្លាប់ ឈ្មោះស្ទួននិងការដកសិទ្ធិបោះឆ្នោតផ្អែកតាមឯកសារសំអាង ត្រឹមត្រូវ និងច្បាស់លាស់ មានចំនួនសរុប ១១១.៨៨៩ (មួយរយដប់មួយពាន់ប្រាំបីរយប៉ែតសិបប្រាំបួន)នាក់។
ថ្លែងក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)លោក យិច សមិទ្ធិ មាន ប្រសាសន៍ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤នៅតាមឃុំ សង្កាត់ បានបញ្ចប់ដោយជោគជ័យ។ ទោះជាមានបញ្ហាអាកាសធាតុក្នុងភូមិសាស្រ្តនៃឃុំ សង្កាត់មួយចំនួនក៏ដោយ។ប៉ុន្តែដំណើរការនៃការរៀបចំបញ្ជីបោះឆ្នោតឆ្នាំ២០២៤ មិន ទាន់បញ្ចប់នៅឡើយទេ។ លោកបន្ដថា ការងារដែលគ.ជ.ប ត្រៀមអនុវត្តន៍បន្តនៅពេលខាងមុខ គឺការបិទផ្សាយបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រលុបចេញពីបញ្ជីបោះឆ្នោតការដាក់ការទទួលនិងការដោះស្រាយពាក្យបណ្តឹងទាក់ទងនឹងបញ្ជីទាំងពីរនេះ និងការងារចុងក្រោយ គឺការផ្តល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ។
លោកគូសបញ្ជាក់ថា ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតឆ្នាំ២០២៤នឹងត្រូវធ្វើនៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២៤ ដែលការបិទផ្សាយត្រូវធ្វើព្រមគ្នានៅគ្រប់ឃុំសង្កាត់ទូទាំងប្រទេសហើយបញ្ជីទាំងពីរនេះត្រូវបិទនៅទន្ទឹមគ្នាលើទីតាំងតែមួយ ដើម្បីឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងការពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យរបស់ខ្លួន។
លោកយិច សមិទ្ធិ សមាជិក គ.ជ.បក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតរួច ហើយ សូមទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះនិងទិន្នន័យរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូងនិងបញ្ជីឈ្មោះអ្នក បោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតដែលមានបិទផ្សាយនៅតាមឃុំសង្កាត់ ឬតាមគេហទំព័រឬតាម App ទូរសព្ទដៃ។ប្រសិនបើរកឃើញថាមានកំហុសឆ្គងសូមរួសរាន់ដាក់ពាក្យបណ្តឹងទៅកាន់ក្រុមប្រឹក្សាឃុំសង្កាត់នៃឃុំសង្កាត់ដែលបងប្អូនបានចុះឈ្មោះបោះឆ្នោតយ៉ាងយូរត្រឹមថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៤៕