ខេត្តបន្ទាយមានជ័យ៖បុរសម្នាក់ជិះម៉ូតូមានឌុបគ្នាម្នាក់ទៀតបានបើកទៅបុកពីក្រោយរថយន្តដែលខូច ឈប់ចតលើផ្លូវបណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់។ហេតុការណ៍នេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិ/សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យកាលពីយប់ថ្ងៃទី២១ខែធ្នូ ឆ្នាំ២០២០។
លោកវរសេនីយ៍ទោសួននីប៉ូនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានឱ្យដឹងថ្ងៃទី២២ខែធ្នូថា៖ជនរងគ្រោះឈ្មោះឈឿមចក់ភេទប្រុសអាយុ២៩ឆ្នាំជាអ្នកបើកម៉ូតូម៉ាកហុងដាសេរីចាស់ពណ៌ខ្មៅពាក់ផ្លាកលេខក.៨៥០៩បជ១។អ្នករួមដំណើរឈ្មោះម៉ៅពេជ្រភេទប្រុសអាយុ៣២ឆ្នាំ ទាំង២នាក់ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មុនពេលកើតហេតុនោះបុរសទាំង២នាក់បើកម៉ូតូដែលអត់ភ្លើងបំភ្លឺ។ពេលបើកមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាកHYUNDAI ពណ៌សពាក់ផ្លាកលេខ បាត់ដំបង ៣A-១២៩៩ ដឹកស្រូវ តែបានខូច ហើយឈប់ចត។ប្រភពបន្តថាទោះបានកាច់មែកឈើដាក់ជាសញ្ញាតែភ្លើងបំភ្លឺមិនគ្រប់គ្រាន់បណ្តាលឱ្យម៉ូតូទៅបុករថយន្តពីក្រោយធ្វើឱ្យមានអ្នកស្លាប់និងរបួស៕សហការី