នៅថ្ងៃទី ៣០ ខែកក្កដា តាមម៉ោងក្នុងតំបន់ លោក Ahmed Aboul Gheit អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់បានជួបពិភាក្សាការងារជាមួយលោក Shen Haixiong អនុរដ្ឋមន្ត្រីនៃក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនដែលទៅបំពេញទស្សនកិច្ចនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប ។ ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរមតិយោបល់យ៉ាងស៊ីជម្រៅអំពីវិស័យដូចជាវប្បធម៌ កីឡានិងកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធសារព័ត៌មានជាដើម ហើយបានចុះហត្ថលេខាលើអនុស្សរណៈសហប្រតិបតិ្តការ ។
ថ្លែងក្នុងកិច្ចជំនួប លោក Shen Haixiong បានលើកឡើងថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តរបស់លោកប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំនៃប្រទេសអារ៉ាប់ ទំនាក់ទំនងរវាងចិននិងអារ៉ាប់នាពេលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុតក្នុងប្រវត្តិសាស្ត្រ ។ ទំនុកចិត្តគ្នាខាងនយោបាយទៅវិញទៅមករវាងចិននិងបណ្តាប្រទេសអារ៉ាប់មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ កិច្ចសហប្រតិបត្តិការជាក់ស្តែងពោរពេញទៅដោយកម្លាំងរស់រវើកនិងផុលផុស ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនមានភាពសម្បូរបែប ហើយកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទទួលបានលទ្ធផលជាផ្លែផ្កា ។ អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនរំពឹងទុកអាចចាត់ទុកកិច្ចសហប្រតិបត្តិការលើកនេះជាឱកាសមួយដើម្បីធ្វើឱ្យស៊ីជម្រៅថែមមួយកម្រិតទៀតនូវកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធអារ៉ាប់ក្នុងវិស័យដូចជាការរួមគ្នាយកបទសម្ភាសន៍និងផលិតកម្មវិធីព័ត៌មានអន្តរជាតិ ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍក្នុងវិស័យច្នៃប្រឌិតថ្មីផ្នែកបច្ចេកវិទ្យាជឿនលឿននិងរួមគ្នារៀបចំសកម្មភាពពាក់ព័ន្ធជាដើម ក្នុងន័យពន្លឿនការជំរុញការកសាងសហគមន៍រួមវាសនារវាងចិននិងអារ៉ាប់ ៕