ភ្នំពេញ៖អភិបាលបានអំពាវនាវឱ្យប្រជាពលរដ្ឋមានការយោគយល់ពីការប្រមូលសំរាមខណៈដែលរដ្ឋបាលរាជធានីភ្នំពេញបានដាក់ឱ្យក្រុមហ៊ុនចំនួន៣ដើម្បីវិនិយោគលើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញជំនួសក្រុមហ៊ុនស៊ិនទ្រីត្រូវបានបញ្ចប់។
លោកឃួងស្រេងបានអំពាវនាវបែបនេះនៅក្នុងសន្និសីទស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញកាលព្រឹកថ្ងៃ១៦មិថុនា២០២០នៅទីស្តីការគណៈរដ្ឋមន្ត្រី។លោកអភិបាលបានបញ្ជាក់ថា៖ក្នុងរយៈពេលនេះសូមបងប្អូនដែលមិនទាន់បានបង់ថ្លៃសំរាមសូមចូលរួមជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញក្នុងការបង់ថ្លៃប្រមូលសំរាម។ក្នុងនោះយកសំរាមចោលកន្លែងនិងតាមពេលកំណត់ផងដើម្បីងាយស្រួលដល់ភ្នាក់ងារទៅប្រមូលបានទាន់ពេល។
លោកឃួងស្រេងបន្តថា៖រដ្ឋបាលរាជធានីភ្នំពេញកំពុងជ្រើសរើសក្រុមហ៊ុនចំនួន៣ក្រុមហ៊ុនដែលមានបទពិសោធន៍កម្រិតអន្តរជាតិក្នុងការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ។សំរាមក្នុងរាជធានីភ្នំពេញមានត្រឹមប្រមាណដល់ទៅ៣.០០០តោនក្នុងមួយថ្ងៃ។ដូច្នេះទាមទារឱ្យមានក្រុមហ៊ុនចំនួន៣ទើបអាចប្រមូលសំរាមទាន់ពេលវេលា។
លោកឃួងស្រេងបានបញ្ជាក់ថា៖បើតាមអ្នកជំនាញបានបង្ហាញថាក្រុមហ៊ុនតែមួយមិនអាចប្រមូលសំរាមបានមិនទាន់ពេលទេព្រោះពលរដ្ឋក្នុងរាជធានីកើនឡើងដល់ជាង៣លាននាក់។លោកសង្ឃឹមថាក្រុមហ៊ុនទាំងបីនេះនឹងប្រមូលសំរាមដោយសុក្រិតនិងទាន់ពេលបើមិនដូច្នេះទេបញ្ហាសំរាមនៅតែប្រឈម។
លោកអភិបាលរាជធានីបានសង្កត់ធ្ងន់ថា៖ការគ្រប់គ្រងសំណល់រឹងសំរាមនៅតែជាការងារអាទិភាពធំមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ។ក្នុងនោះមានការអនុញ្ញាតពីក្រសួងមហាផ្ទៃនិងការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។យើងបានរៀបចំរចនាសម្ព័ន្ធបង្កើតរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹងរូចរាល់ហើយ។ប៉ុន្តែស្ថិតក្នុងដំណាក់កាលអន្តរកាលរដ្ឋបាលរាជធានីភ្នំពេញបានជួបប្រទះបញ្ហាប្រឈមខ្លះៗ ខណៈពលរដ្ឋបានកើនដល់ប្រមាណ៣លាននាក់កំពុងរស់នៅក្នុងស្នាក់នៅរាជធានីភ្នំពេញ ។ លោកឃួងស្រេងបានសំដែងនូវក្តីសង្ឃឹមថា៖ការផ្លាស់ប្តូរបៀបរបបការងារពីអ្នកគ្រប់គ្រងសេវាមកជាប្រតិបត្តិករផ្តល់សេវាដោយផ្ទាល់។ដូច្នេះការប្រមូលសំណល់រឹង.សំរាមនៅរាជធានីភ្នំពេញនឹងមានស្ថានភាពប្រសើរក្នុងពេលដ៏ខ្លីខាងមុខនេះ៕