(ភ្នំពេញ)៖ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋទូទៅដែលប្រើប្រាស់មធ្យោបាយរថយន្តក្រុង របស់រដ្ឋបាលរាជធានីភ្នំពេញ ទៅលេងស្រុកកំណើតអបអរសាទរបុណ្យចូលឆ្នាំទាំងអស់នឹងទទួលបានខិត្តបណ្ណ ផ្តល់ចំណេះដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន ជាការពញ្ញាក់អារម្មណ៍ដាស់តឿន បង្កើនការចូលរួមឱ្យបានសកម្ម ក្នុងកាងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
មន្រ្តីគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមការងាររបស់យើងដែលបម្រើការងារដឹកជញ្ជូន បងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើតជួបជុំគ្រួសារ នាឱកាសបុណ្យបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ បានឆ្លៀតចូលរួមចែកនូវខិត្តបណ្ណប្រឆាំងគ្រឿងញៀន ជូនដល់ពួកគាត់ ដើម្បីទទួលបានចំណេះដឹងពីផលលំបាក និងអាចបង្ការបាននូវការរាលដាលបញ្ហាគ្រឿងញៀន ទៅក្នុងសហគមន៍។
ថ្លែងក្នុងនាមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ និងឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្ថែមថា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀននៅពេលនេះ ដើម្បីផ្តល់ទុនបន្ថែមដល់ប្រជាពលរដ្ឋធ្វើការការពារខ្លួនឯង និងផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារ អ្នកជិតខាង និងមនុស្សជាទីស្រឡាញ់កុំឱ្យទៅពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនគ្រប់ប្រភេទនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។
ក្នុងនាមថ្នាក់ដឹកនាំ ឧត្តមសេនីយ៍ឯក លឹម តុងហួត សូមថ្លែងអំណរគុណដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដែលបានផ្តល់ការគាំទ្រសកម្មភាពផ្សព្វផ្សាយនេះ លោក សុខ វឿន ប្រធានអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី LOLC ដែលតែងតែសហការផលិតផ្តល់ នូវខិត្តប័ណ្ណប្រឆាំងគ្រឿងញៀន ហើយអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបន្តគាំទ្រផ្តល់ជូនដល់លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត សម្រាប់ផ្សព្វផ្សាយក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងកម្មវិធីជួបជុំផ្សេងៗក្នុងមូលដ្ឋានរាជធានី ខេត្ត៕