Uncategorized

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានស្នើសុំដល់ថ្នាក់ដឹកនាំសាខាសមាគមនិស្សិតបញ្ញវន្តក្មេងវត្ត ដែលមានសមាជិកប្រមាណ៣.០០០នាក់ បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម

កំពង់ចាម៖អភិបាលខេត្តកំពង់ចាម បានស្នើដល់ថ្នាក់ដឹកនាំសាខាសមាគមសិស្ស និសិត្សបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ដែលមានសមាជិកប្រមាណ៣.០០០នាក់បន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំង ឱ្យកាន់តែល្អប្រសើរ និងបន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម។
ឯកឧត្តម អ៊ុន ចាន់ដាអភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស នៃសមាគមសិស្ស និសិ្សតបញ្ញវន្តក្មេងវត្តខេត្តនេះបានផ្តាំផ្ញើយ៉ាងដូច្នេះ ពេលដែលលោកបានថ្លែងក្នុងកិច្ច ប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៤ នៃសមាគមសិស្ស និសិត្ស បញ្ញវន្តក្មេងវត្ត បានរៀបចំឡើងក្នុងសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៥ ខែមករានេះ។
ឯកឧត្តមបានថ្លែងទៀតថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯឧត្តមសូមផ្តាំផ្ញើកិច្ចការមួយចំនួន ចំពោះថ្នាក់ដឹកនាំសាខាសមាគមទាំងអស់ដូចជាៈ បន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំងឱ្យកាន់តែល្អប្រសើរ តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក។បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសនៅតាមបណ្តាវត្តអារាម។
សូមទំនាក់ទំនងសហការល្អជាមួយអង្គការ សមាគមដទៃទៀតដូចជា ក្រុមការងារយុវជនគណបក្សខេត្ត សសយក សមាគមនារី យុវជនស្រឡាញ់សន្តិភាព អនុគណក្រុង/ស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ និងអាជ្ញាធរមូលដ្ឋាន និងសូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត។
លោក សំ ពិសិដ្ឋ ជាអភិបាលស្រុកចម្ការលើ និងជាប្រធានសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម បានបញ្ជាក់ពីប្រវត្តិនៃសមាគមមួយនេះ នៅក្នុងរបាយការណ៍ស្វាគមន៍ថា សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ជាអង្គការមហាជនមួយ ក្នុងចំណោមអង្គការមហាជនដទៃទៀត របស់គណបក្សប្រជាជនកម្ពុជា ដែលត្រូវបានចាប់បដិសន្ធិឡើងនៅក្នុងអំឡុងឆ្នាំ១៩៩៩ និងទទួលបាននូវការ អនុញ្ញាតចុះឈ្មោះក្នុងបញ្ជី សមាគមរបស់ក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ៣០៣ សជណ ចុះថ្ងៃទី០៥ ខែ មេសា ឆ្នាំ២០០០។
ការបង្កើតនូវសមាគមនេះឡើង ក្នុងគោលបំណងគឺ ចងបាច់ឆន្ទៈមនសិការជាធ្លុងមួយ លើកកម្ពស់សាមគ្គីភាព សង្គហភាព សមត្ថភាព និងសក្តានុពលរបស់សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត លើកស្ទួយ តម្លៃព្រះពុទ្ធសាសនា លើកស្ទួយតម្លៃវប្បធម៌ អក្សរសាស្រ្តជាតិ ចូលរួមការពារសន្តិភាព និងចូលរួមអភិវឌ្ឍ សង្គមជាមួយរាជរដ្ឋាភិបាល។
ចំណែកឯការចាប់បដិសន្ធិឡើងរបស់សមាគមនេះ គឺក្រោមការផ្ដួចផ្ដើមនិងជួយ ជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ ព្រោះសម្តេចក៏ជាបញ្ញវន្តក្មេងមួយរូប ដែលបានស្នាក់នៅក្នុងវត្តនាគវ័នតេជោជាច្រើនឆ្នាំ ដើម្បីបន្តសិក្សារៀនសូត្រ រហូតទទួលបានចំណេះដឹងខ្ពង់ខ្ពស់។ នៅក្នុងដំណាក់កាលដំបូងសមាគម បានពង្រីកខ្លួននៅតែក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ តែលុះក្រោយមកក៏ត្រូវបានពង្រីកខ្លួនទៅតាមបណ្តាខេត្តមួយចំនួន ជាបន្តបន្ទាប់។
ដោយឡែកនៅក្នុងទឹកដីខេត្តកំពង់ចាម ក្រោមការផ្តួចផ្តើមនិងជ្រោមជ្រែងយ៉ាងយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាសមាគម។សាខាសមាគមនេះ ក៏ត្រូវបានចាប់ប្រសូតឡើងតាមលិខិត បង្គាប់ការលេខ០៣២/២០ ល.ប.ក ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ របស់សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ដោយលិខិតបង្គាប់ការនេះ បានបង្កើតជាក្រុមការងារសាខាសមាគមប្រចាំខេត្តកំពង់ចាម ដែលមានសមាសភាពចំនួន២០រូប។ក្នុងនោះមានប្រធាន១រូប អនុប្រធាន២រូប លេខា៣រូប និងសមាជិក១៤រូប។
លុះមកដល់ថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ ទើបបានប្រែក្លាយពីក្រុមការងារសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ប្រចាំខេត្តកំពង់ចាម មកជាសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាមវិញ តាមសេចក្តីសម្រេចលេខ០៩/២១ សសរ របស់សមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្ត បើគិតអំពីអាយុកាលនៃថ្ងៃប្រសូតរហូតមកដល់ពេលប្រារព្ធពិធីនេះ គឺទើបតែបាន អាយុកាល៣ឆ្នាំ៣ខែនិង២៥ថ្ងៃហើយ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *