ព័ត៌មានជាតិ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមកម្មវិធីវេទិកានិពន្ធនាយកសារព័ត៌មានលើកទី ២០ “វិជ្ជាជីវៈនិងក្រុមសីលធម៌សារព័ត៌មាន” នៅសណ្ឋាគារសុខាភ្នំពេញ

(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  បានលើកទឹកចិត្តដល់សមាគមសារព័ត៌មានទាំងអស់ ត្រូវបណ្ដុះបណ្ដាលផ្ទៃក្នុង និងអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ដែលចង់ពង្រឹងសមត្ថភាពទៅក្រសួង ព្រោះក្រសួងព័ត៌មាននឹងមានរៀបចំវគ្គបណ្ដុះបណ្ដាលមូលដ្ឋាន វគ្គបណ្ដុះបណ្ដាលពីការសរសេរព័ត៌មាន បទយកការណ៍ ការកែសម្រួល និងវគ្គផ្សេងៗជាច្រើនទៀត ដើម្បីបង្កើនសមត្ថភាពរបស់អ្នកសារព័ត៌មាន។

ក្រមសីលធម៌និងវិជ្ជាជីវៈសារព័ត៌មាន ជាមូលដ្ឋានគ្រឹះរួមទាំងគុណភាពការងារ

ក្នុងអង្គវេទិកានិពន្ធនាយកសារព័ត៌មាន​កម្ពុជាលើកទី២០ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ការពង្រឹងសមត្ថភាពអ្នកព័ត៌មាននេះ ក៏ព្រោះវិស័យសារព័ត៌មាន ជាវិស័យអាទិភាព ដែលដើរតួនាទីសំខាន់ ជាសារនាំពាក្យ ជាអ្នកចែករំលែកចំណេះដឹងរបស់ប្រជាពលរដ្ឋ និងពិភពលោក។

បន្ទាប់ពីបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាអស់រយៈពេលពេញ ១ ព្រឹករួចមក អង្គវេទិកានិពន្ធនាយកសារព័ត៌មាន​កម្ពុជាលើកទី២០ បានចេញសេចក្តីថ្លែងការណ៍រួម​ដែល​មាន​ខ្លឹម​សារ​ថា មកដល់ពេលនេះ ការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានកាន់តែមានសារសំខាន់ក្នុងការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មានឌីជីថល។

ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកសារព័ត៌មាននានា ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ ដើម្បីបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានមួយ ដែលមានមុខងារច្បាស់លាស់ក្នុងការតម្រង់ទិស ដាក់ពិន័យ ក៏ដូចជាកែលម្អវិជ្ជាជីវៈ សារព័ត៌មាន ។

ការបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅតែជាបញ្ហាស្នូលសម្រាប់អ្នកសារព័ត៌មាន ព្រោះស្ថាប័ន និងអ្នកសារព័ត៌មានហាក់មានកំណើន ជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ទទួលបានការបណ្តុះបណ្តាលច្បាស់លាស់ ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជាជីវៈ និងក្រមសីលធម៌ងាយនឹងកើតឡើង។

អង្គវេទិការនិពន្ធនាយកកម្ពុជា ក៏បានអំពាវនាវជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូលបំពេញការងារ ក្នុងវិស័យសារព័ត៌មាន គប្បីយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ឬក៏ចូលរួមក្នុងវគ្គបណ្តុះ បណ្តាលវិជ្ជាជីវៈសារព័ត៌មាននិងក្រមសីលធម៌ បើសិនជាពួកគេមានបំណងក្លាយជាអ្នកសារព័ត៌មានអាជីព ហើយទទួលបានការគាំទ្រពីសាធារណជន ៕

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *