ព័ត៌មានសន្តិសុខសង្គម

តាមចាប់រថយន្តបុកម៉ូតូ ធ្វើឲ្យមន្ត្រីអាវុធហត្ថខណ្ឌចំការមនម្នាក់ស្លាប់ និងស្ត្រីរួមដំណើររងរបួសធ្ងន់

ភ្នំពេញ៖សមត្ថកិច្ចជំនាញបានតាមរកចាប់ រថយន្តបើកបុកម៉ូតូ បណ្តាលឱ្យមន្ត្រីអាវុធហត្ថខណ្ឌចម្ការមនម្នាក់ស្លាប់ និងស្ត្រីម្នាក់រួមដំណើររងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង នៅតាមផ្លូវលេខ២១៤ កែងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ កាលពីរំលងអធ្រាត្រចូលថ្ងៃទី៤ ខែវិច្ឆិកា។

សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ ភាង មុន្នីស័ក្ខ អាយុ២៥ឆ្នាំជាមន្ត្រីអាវុធហត្ថខណ្ឌចម្ការមន ស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។ចំណែកស្ត្រីរួមដំណើររងរបួសធ្ងន់មិនទាន់ស្គាល់ឈ្មោះព្រោះប្រញាប់ដឹកទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។

ប្រភពដដែលបានបន្តថា មុនកើតហេតុបុរសម្នាក់រួមដំណើរដោយស្ត្រីម្នាក់ផង បានជិះម៉ូតូម៉ាកVespaពណ៌ក្រហមគ្មានផ្លាកលេខ តាមផ្លូវលេខ២១៤ពីលិចទៅកើត។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកបើកតាមផ្លូវលេខ៥១ ពីជើងទៅត្បូងក្នុងល្បឿនលឿន។
រថយន្តបានបុកម៉ូតូពេញទំហឹងខ្ទាតមនុស្សជាច្រើនម៉ែត្រ បណ្ដាលឱ្យខាងម៉ូតូជាមន្ត្រីអាវុធហត្ថខណ្ឌចម្ការមនបានស្លាប់មួយរំពេច។រីឯស្ត្រីរួមដំណើររងរបួសធ្ងន់ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។ក្រោយបង្កគ្រោះថ្នាក់រហូតបាត់បង់ជីវិតនិងរងរបួស រថយន្តបង្កក៏បើករត់បាត់។ បន្ទាប់មកកម្លាំងមូលដ្ឋាន និងអាវុធហត្ថខណ្ឌបានបើកការស្រាវជ្រាវ តាមរកចាប់រថយន្តបង្កនិងតៃកុងយកមកអនុវត្តតាមច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *