ព័ត៌មានសន្តិសុខសង្គម

នគរបាលរាជធានីភ្នំពេញ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ២នាក់ រួមជាមួយគ្រឿងញៀនជាង ៥៨ គីឡូក្រាម

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបជនសង្ស័យចំនួន០២នាក់ និងដកហូតសារធាតុញៀនចម្រុះ ទម្ងន់៥៨គីឡូ ៨៤៨ក្រាម។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវបង្ក្រាបករណីដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចដីឡូត៌ទុលចោល មហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២៖១០នាទីរំលងអាធ្រាត។

ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់ ទី១៖ឈ្មោះ អ៊ាន រដ្ឋនី អាយុ៣៨ឆ្នាំ និងទី២៖ឈ្មោះ ភ័ណ្ឌ សុគុណ អាយុ៣១ឆ្នាំ។ វត្ថុតាងចាប់យក សារធាតុញៀន(ខេតាមីន) ចំនួន២០ដុំ ទម្ងន់ ២០គីឡូក្រាម ដែលលាក់ទុកក្នុងវ៉ាលីពណ៌ទឹកប៊ិចចំនួនមួយ និងរថយន្តម៉ាក High Lander ចំនួន១គ្រឿង។

បន្ទាប់មកកម្លាំងជំនាញបានស្រាវជ្រាវរកឃើញសារធាតុញៀន (មេតំហ្វេតាមីន) ចំនួន១០ដុំទៀត ទម្ងន់១០គីឡូក្រាម លាក់ទុកក្នុងបាតរថយន្តកែច្នៃសម្រាប់ដឹកគ្រឿងញៀន។

បន្ទាប់ពីកំណត់មុខសញ្ញាបក្ខពួកមួយចំនួនរួចមក នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១២៖៣០នាទី លោកឧត្តមសេនីយ៍ត្រី គល់ យី បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះសហការជាមួយកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង ដើម្បីធ្វើការត្រួតពិនិត្យ និងឆែកឆេរគោលដៅស្តុកគ្រឿងញៀន ចំនួន៣ទីតាំង ដកហូតសារធាតុញៀមចម្រុះចំនួន ១៩មុខ មានទម្ងន់២៨គីឡូ៧៧៨ក្រាម និងសារធាតុញៀនប្រភេទ MDMA ទម្ងន់ ១០,៤៨ក្រាម និងកំណត់បានមុខ សញ្ញាមេក្លោងចំនួន២នាក់ និងបក្ខពួកមួយចំនួនទៀត។

សរុបដកហូតសារធាតុចម្រុះ ទម្ងន់៥៨គីឡូ ៨៤៨ក្រាម៖ មានសារធាតុញៀន ទម្ងន់៣០គីឡូ០៧ក្រាម ក្នុងនោះមាន (ប្រភេទ ខេ ចំនួន ១៩គីឡូ៩១៥ក្រាម, ប្រភេទ ICE ចំនួន ១០គីឡូ០៥ក្រាម, ប្រភេទ MDMA ចំនួន ១០,៤៨ក្រាម, សារធាតុមិនច្បាស់ ទម្ងន់ ២៨គីឡូ៧៧៨ក្រាម)

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *