ស្វាយរៀង៖សមត្ថកិច្ចពាក់ព័ន្ធកំពុងបើកការស៊ើបអង្កេត ករណីអគ្គិភ័យឆាបឆេះអគាររោងចក្រមួយ នៅខាងលិចផ្សារជីភូក្រុងបាវិតដោយមិនទាន់ដឹងមូលហេតុ។ ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះបានកើតឡើងក្នុងអគាររោងចក្រហាយផាក នៅខាងលិចផ្សារជីភូ សង្កាត់ច្រកម្ទេស ក្រុងបាវិត កាលពីយប់ថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២៣។
មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានករណីឆាបឆេះអគាររោងចក្រនេះ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានដឹកនាំកម្លាំងចុះអន្តរាគមន៍ផ្ទាល់ដើម្បីបញ្ជាក្នុងការបាញ់ទឹកពន្លត់។ ចំពោះករណីនេះគេមិនទាន់ដឹងពីមូលហេតុនៅឡើយទេនិងមិនបណ្តាលឱ្យមានមនុស្សរងគ្រោះថ្នាក់ដែរ។
ក្នុងប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យខាងលើ គឺមានកិច្ចសហការពីកម្លាំងនគរបាល-អាវុធហត្ថខេត្ត-អាជ្ញាធរ-សមត្ថកិច្ចពាក់ព័ន្ធនិងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យនៃមន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម។ភ្លើងបានរលត់នៅយប់ថៃ្ងដដែល ហើយសមត្ថកិច្ចជំនាញកំពុងបើកការស៊ើបង្កេតនិងសាកសួរពីទំហំនៃការខួចខាតក្នុងករណីនេះ៕