ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតចំនួន២០០គ្រួសារ ក្នុងស្រុកបាណន់

 

(បាត់ដំបង) នៅរសៀលថ្ងៃអង្គារ ៣កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត រួមមាន ចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីមេម៉ាយ និងអ្នកទីទ័លក្រ សរុបចំនួន ២០០គ្រួសារ មកពីឃុំចំនួន៨នៃស្រុកបាណន់ ខេត្តបាត់ដំបង ដោយពិធីនេះ បានធ្វើឡើងនៅបរិវេណទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក ភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់។

ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ ឯកឧត្តម សុខ លូ បានសម្តែងនូវក្តីសោមនស្សរីករាយ និងនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បើទោះបីជា សម្តេច មិនបានអញ្ជើញផ្ទាល់ ប៉ុន្តែតាមរយៈសហការីនៃកាកបាទក្រហមកម្ពុជា សម្តេចតែងតែផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសនាំនូវសារអប់រំថែទាំសុខភាព ត្រូវគិតគូរថែទាំទាំងសុខភាពផ្លូវកាយ ផ្លូវចិត្តឱ្យបានល្អ និងបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។ បន្ថែមពីនេះ ឯកឧត្តម បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវពិសាទឹកដាំឆ្អិន រស់នៅមានអនាម័យ សម្រាកក្នុងមុងជានិច្ច និងលើកកម្ពស់សុវត្ថិភាពអាហារប្រចាំថ្ងៃ តាមរយៈការដាំបន្លែបង្ការក្នុងគ្រួសារ ដើម្បីបានសុខភាពល្អផង និងកាត់បន្ថយការចំណាយក្នុងគ្រួសារផង។

ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងដើម្បីជីវភាពគ្រួសារ ព្រោះថាអំណោយរបស់កាកបាទក្រហមកម្ពុជា អាចជួយសម្រាលការលំបាកដល់បងប្អូនតែមួយគ្រាប៉ុណ្ណោះ ហើយសូមបងប្អូនទាំងអស់ចូលរួមថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ព្រោះមានតែសន្តិភាពទេដែលអាចឱ្យប្រទេសយើងមានការអភិវឌ្ឍ រីកចម្រើនរុងរឿងបានជាមួយគ្នា ។ ឯកឧត្តមបានអំពាវនាវ លោកតា លោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនោះដែល ឯកឧត្តមសុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

ជាកិច្ចឆ្លើយតប ប្រជាពលរដ្ឋទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដោយគ្មានការរើសអើងអ្វីឡើយ។

សូមបញ្ជាក់ថា អំណោយផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ទឹកបរិសុទ្ធ១កេស,ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៉ីអ៉ីវ១យួរផងដែរ៕

 

 

pla

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *