បន្ទាយមានជ័យ៖កម្លាំងអាវុធហត្ថខេត្តបានចាប់ជនសង្ស័យជាតិចិនម្នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីឃាតកម្មបាញ់សម្លាប់បុរសចិន កាលពី៣ថ្ងៃមុន និងបញ្ជូនទៅតុលាការ។
សមត្ថកិច្ចបានឱ្យដឹងថា ជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងប្រឡាយទឹកក្បែរទីលានចាក់សំរាមកាលពីថ្ងៃទី១៥ ខែមិថុនានៅត្រង់ចម្ការដំឡូងមី ក្នុងភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
ជនរងគ្រោះឈ្មោះ SHEN JIANGUO អាយុ៤២ឆ្នាំនៅបុរីសានហូក្នុងភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ជំនាញបានពិនិត្យលើខ្លួនជនរងគ្រោះមានស្នាមរបួសដោយគ្រាប់កាំភ្លើងចំក្បាលខាងក្រោយផ្នែកខាងឆ្វេងធ្លាយទៅមុខត្រង់ថ្ងាស។នៅជុំវិញបរិវេណកើតហេតុបានបន្សល់ទុកសំបកគ្រាប់កាំភ្លើងខ្លី៣គ្រាប់-សំបកផ្ទុះ២គ្រាប់និងគ្រាប់មិនទាន់ផ្ទុះ១គ្រាប់ ជាប្រភេទកាំភ្លើងខ្លីម៉ាកម៉ាកGLOUK-17 ។
ក្រោយកើតហេតុសមត្ថកិច្ចចម្រុះបានចុះស្រាវជ្រាវស៊ើបអង្កេត ឈានដល់ចាប់អ្នកពាក់ព័ន្ធបានចំនួន២នាក់។ជនសង្ស័យឈ្មោះ ZHOU YONG ហៅម៉ាទីន អាយុ៤៣ឆ្នាំជនជាតិចិន។ឈ្មោះ ឡោ លឹមហាប់ អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ពួកគេស្នាក់នៅក្នុងបុរីសុខស្រេង ក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ពេលឃាត់ខ្លួនកម្លាំងបានដកហូតវត្ថុតាងមាន-កាំភ្លើងខ្លីម៉ាកGLOUK-17 ១ដើម-បង់១ មានគ្រាប់ចំនួន៥គ្រាប់ជារបស់ឈ្មោះ Zhou Yong-កាំភ្លើងខ្លីម៉ាកK54 ១ដើមបង់១-គ្រាប់៧គ្រាប់ជារបស់ឈ្មោះឡោ លឹមហាប់។
បងជីដូនមួយជនរងគ្រោះជាដើមបណ្ដឹងឈ្មោះ Li Zhong Guo អាយុ៤៣ឆ្នាំ ជនជាតិចិននៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕