បន្ទាយមានជ័យ៖បុរសម្នាក់បានដើរក្នុងព្រៃរកបេះស្លឹកព្រេច ក៏ជាន់ចំគ្រាប់មីនប្រឆាំងមនុស្សបន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរបួសពេញខ្លួននិងដាច់ជើងម្ខាង។
អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា មានបុរសម្នាក់បានដើរក្នុងព្រៃដើម្បីរកបេះស្លឹកព្រេច។ពេលនោះជនរងគ្រោះបានជួបគ្រោះថ្នាក់ ដោយជាន់ចំគ្រាប់មីនបន្សល់ពីសម័យសង្គ្រាម បណ្តាលឱ្យផ្ទុះរបួសពេញខ្លួននិងដាច់ជើងម្ខាង។ ហេតុការណ៍នេះបានកើតឡើងនៅម្តុំព្រៃអតីតចម្ការមីន ខាងមុខទំនប់ក៥ ភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៦ ខែឧសភា។
មន្ត្រីដដែលបានបន្តថា ជនរងគ្រោះឈ្មោះ លី លាក់ អាយុ ៣៥ឆ្នាំនៅភូមិឃុំខាងលើ។មុនកើតហេតុបុរសរូបនោះបានចូលដើរក្នុងព្រៃរកបេះត្រួយព្រេចនិងបរបាញ់សត្វ ក៏ជាន់ចំគ្រាប់មីនប្រឆាំងមនុស្ស បណ្តាលឱ្យផ្ទុះដាច់ជើងឆ្វេងនិងរបួសពេញខ្លួន។
ក្រោយមានគ្រោះថ្នាក់ធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារនិងកម្លាំងសមត្ថកិច្ចបានជួយដឹកតាមរថយន្ត ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនស្រុកមង្គលបូរីដើម្បីសង្គ្រោះបន្ទាន់៕